ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងចតលើចិញ្ចើមផ្លូវ ដោយពុំដាក់ភ្លើងសញ្ញាជាសម្គាល់ ធ្វើឲ្យម៉ូតូមួយគ្រឿងទៀត បើកដោយល្បឿនលឿន មើលពុំដឹង បានបុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ចំណុចច្រកចូលផ្ទះសំណាក់ឡាលីន លើផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ភឹម វិឆៃ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1V-0368 ។ ចំណែករថយន្ដម៉ាក ASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខ កំពត3A-0397 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួន ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើបានបើកឆ្លងផ្លូវស្ដាំមកឆ្វេង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ រថយន្ដឈប់ចតនៅលើចិញ្ចើមផ្លូវ ដោយពុំដាក់ភ្លើងសញ្ញាជាសម្គាល់នោះទេ ខណៈនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកដោយល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលក្រុងតាខ្មៅ បានចុះមកពិនិត្យវាស់វែង កសាងឯកសារដកហូតយកម៉ូតូនិងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺបណ្ដាលមកពីអ្នកបើកបររថយន្ត ចតរថយន្តធ្វេសប្រហែស ដោយមិនដាក់ភ្លើងសញ្ញាឲ្យបានត្រឹមត្រូវ ។ ចំណែកអ្នកបើកម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ