ព័ត៌មានទាន់ហេតុការណ៍៖

លោកតាវ័យ៩០ឆ្នាំម្នាក់ ដើរវង្វេងផ្ទះត្រូវជនញៀនថ្នាំវាយយកលុយ តែបានពលរដ្ឋជួយទាន់

ចែករំលែក៖

ភ្នំពេញ៖ លោកតាវ័យប្រហែល៩០ឆ្នាំ បានរងរបួសដេកដួលទៅលើចិញ្ចើមផ្លូវ ខណៈដែលគាត់ដើរវង្វេងផ្ទះត្រូវជនញៀនថ្នាំវាយយកលុយ តែបានប្រជាពលរដ្ឋឃើញទាន់ ក៏នាំគ្នាជួយធ្វើអន្តរាគមន៍ចាប់យកលុយបានមកវិញ ហើយជនញៀនថ្នាំម្នាក់នោះគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើចិញ្ចើមផ្លូវក្បែរបងផ្ទះពលរដ្ឋ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់បានប្រទះឃើញលោកតាម្នាក់វ័យប្រហែល៩០ឆ្នាំ (មិនស្គាល់អត្តសញ្ញាណនោះទេ) បានដួលដេកនៅចិញ្ចើមផ្លូវតាមបណ្តោយផ្លូវជាតិលេខ៥ ដោយអត់មានសម្លៀកបំពាក់ ស្លៀកតែក្រមាមួយ ក្បាលរំថង់កៅស៊ូពណ៌ខ្មៅដេកដួលថែមទាំងមានស្នាមរបួសជាច្រើនកន្លែង ។

ប្រភពបន្តថា ដោយសារតែមានជនម្នាក់សង្ស័យបែកថ្នាំបានមកដណ្ដើមយកលុយរបស់គាត់ត្រូវបានពួកគាត់នាំគ្នាដេញដណ្តើមយកបានមកវិញប្រគល់ទៅអោយលោកតាដោយនៅក្នុងការបូបនោះមានលុយចំនួន ២៧៣០០រៀល បន្ទាប់មកលោកតាត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះ និងមុជទឹក រួចយកសម្លៀកបំពាក់មួយកំផ្លេមកស្លៀកពាក់អោយផងដែរ ។

បើតាមការសាកសួរ លោកតាខាងលើនោះគាត់បានប្រាប់ថា គាត់មានផ្ទះរស់នៅម្ដុំផ្សារកណ្ដាល តែមិនដឹងថាជាផ្ទះមួយណាជារបស់គាត់ទេ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ឫស្សីកែវបានមកដល់ទីតាំង និងទទួលយកលោកតាទៅប៉ុស្ដិ៍នរគបាលដើម្បីរងចាំស្វែងរកសាច់ញាតិមកទទួលគាត់ទៅផ្ទះវិញ ៕ អារុណរៈ


ចែករំលែក៖