ខេត្តកំពង់ធំ៖ គួរឲ្យសង្វេគណាស់ សម្រែកក្មេងទ្រហ៊ោយំបានលាន់លឺកងរំពង ដោយសារ ឪពុកកាប់សម្លាប់ម្តាយ ហើយធ្វើ អត្តឃាតចងកសម្លាប់ខ្លួនឯងតាមក្រោយ ដោយគ្មានការអាឡោះអាល័យ ទារកអាយុជិតមួយខួប ដែលមិនទាន់ដឹងក្តី ត្រូវកំព្រាឳពុកម្តាយ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យទប់ទឹកភ្នែកមិនបាន កាលពី វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ មានឈ្មោះ ស៑ុន គាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាឪពុកក្មេងតូច ចំណែកម្តាយជាជនរងគ្រោះឈ្មោះ មុំ សុខណា អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ អ្នកទាំង២នាក់ជាប្តីប្រពន្ឋ បានស្លាប់ក្នុងថ្លុកឈាម ដោយសារប្តីកំណាចកាប់សម្លាប់ នៅលើផ្ទះ ថែមមានស្លាកស្នាមនៅលើដងខ្លួនជាច្រើនកន្លែងទៀតផង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនៃអធិការស្រុកបារាយណ៍ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងស្រុកបារាយណ៍ បានដឹកនាំកម្លាំងចុះទៅពិនិត្យ កន្លែងកើតហេតុ ពិនិត្យសាកសព ប្តីប្រពន្ឋស្លាប់ទាំងពីរនាក់ សាកសពប្រពន្ឋដេកស្លាប់ ចំណែកប្តីបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួន នៅលើសាកសពរបស់ស្រ្តីជាម្តាយក្មេងតូច ស្នាមកាប់ចំហៀងក្បាលខាងឆ្វេង , កាប់ដាច់ស្លឹកត្រចៀកឆ្វេង, កាប់ត្រូវករខាងឆ្វេង, កាប់ម្រាមដៃ និងបាតដៃទាំងពីរ ។
តាមការបំភ្លឺពីអ្នកជិតខាងក្រុមគ្រួសារនេះមានជម្លោះគ្នានៅលើផ្ទះ តាំងពីម៉ោង៩.៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ថែមទាំងបានឮស្នូវាយ និងសម្រែកប្រពន្ធស្រែកឲ្យជួយផងៗ តែគ្មានអ្នកជួយដោយគ្រួសារនេះឈ្លោះគ្នាស្ទើររាល់ថ្ងៃ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហរតុ បណ្តាលមកពីប្តីប្រើប្រាស់ថ្នាំញៀន និងប្រចណ្ឌ កន្លងមក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ ។
លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានឲ្យដឹងថានៅព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩នេះថា ឥឡូវក្មេងកំព្រានេះត្រូវបានបងប្អូនខាងប្ដីបានយកទៅចិញ្ចឹម ! ចំណែករឿងរ៉ាវនៃអំពើ ឃាតកម្មនេះ យើងពុំទាន់អាចសន្និដ្នានបាននៅឡើយ តែតាមប្រភពជិតខាងជិតស្និទ្ធិ និងប្រពន្ធបានឲ្យដឹងថា ប្រពន្ធបានណែនាំប្ដីកុំឲ្យប្រើថ្នាំញៀន តែប្ដីមិនស្ដាប់ ទើបឈ្លោះគ្នារាល់ថ្ងៃ និងម្យ៉ាងទៀតប្ដីប្រច័ណ្ឌ និងប្រពន្ធទើបកើតជារឿងរ៉ាងមិនចេះចប់រហូតកើតរឿងឃាតកម្ នេះឡើង ។ ក្រោយពិនិត្យសពទាំងពីររួចបានប្រគល់ជូនសាច់ញ្ញាតិ និងឪពុកម្តាយ ធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី