ភ្នំពេញ ៖ យោងតាមប្រសាសន៍លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះថា អគ្គិភ័យដែលបានឆាបឆេះអគារកម្ពស់៤ជាន់ នៅសិប្បកម្មពូក ស្ថិតតាមបណ្ដោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីម្សិលមិញ បើគិតពីទំហំនៃការខូចខាតគិតជាទឹកប្រាក់ជាង៣លានដុល្លារ ហើយគណៈកម្មាការចម្រុះបានសម្រេចវាយកម្ទេចនិងរំលំអាគារនេះចោលតែម្ដង ព្រោះខ្លាចរលំបាក់ស្រុតមកលើផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាង ។
ក្នុងរបាយការណ៍របស់មន្រ្តីជំនាញខាងការិយាល័យពន្លត់អគ្គិភ័យ បានឲ្យដឹងថា ម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ ៦៣ឆ្នាំ មានមុខរបរ ម្ចាស់រោងចក្រ , ប្រភេទសំណងនិងរោងស្តុករួមផ្សំ លើផ្ទៃដីជិត២ហិកតា សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កម្ពស់៤ជាន់ ។ ការឆាបឆេះនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ចំពោះការឆាបឆេះនេះ បណ្តាលឲ្យខូចខាត ឆេះរោងសិប្បកម្មផលិតពូកគេង សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កម្ពស់៤ជាន់ អស់ទាំងស្រុង រួមទាំងឆេះឧបករណ៍សម្ភារ:បម្រើឲ្យការផលិតពូកមានដូចជា៖ ឆេះម៉ាស៊ីនដេរចំនួន១៨គ្រឿង ; ឆេះម៉ាស៊ីន កាត់ពូកចំនួន៧គ្រឿង ;ឆេះម៉ាស៊ីនជាក់ពូកចំនួន១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
យោងតាមរបាយការណ៍បានឲ្យដឹងបន្ថែមទៀតថា ក្នុងការឆាបឆេះនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់នោះទេ។ ក្នុងគ្រោះអគ្គិភ័យនេះផងដែរ កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍រួមមាន៖ រថយន្តការិ.អគ្គិភ័យ: ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់១៥៧ឡាន ស្មើនឹង ៧៣០ម៉ែត្រគូប, រថយន្តជំនួយ : រថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣៥ឡាន ស្មើនឹង១៦៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើនឹង ៤១០ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCICកោះពេជ្រ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង ១៤៤ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ង៧០ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ ម៉ែត្រគូប។
ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែសីហានេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បេសកជនពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការរាជធានីភ្នំពេញ ព្រមទាំង អាជ្ញាធរ រាជធានី និងអាជ្ញាធរ ខណ្ឌមានជ័យ បានចុះមកពិនិត្យមើលទីតាំងកន្លែងដែលឆេះនេះ ។
លោកអភិបាល រាជធានីភ្នំពេញ បានសូមថ្លែងអំណរគុណដល់កម្លាំងសរុប កម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការនគរបាលរាជធានី កម្លាំងរាជអាវុធហត្ថរាជធានី កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងពន្លត់អគ្គិភ័យចម្រុះរួមទាំងកម្លាំងក្រុមហ៊ុនOCIC ក្រុមហ៊ុនបុរីប៉េងហួត កងពលតូច ង៧០ និងកម្លាំងពន្លត់អគ្គិភ័យ នាយកដ្ឋាន បង្ការនិងពន្លត់អគ្គិភ័យ និងការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ និងបានចូលរួមទាំងកម្លាំង ទាំងស្មារតី និងសម្ភា រ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មធ្វើពូកដែលបានឆាបឆេះនោះ។
គួរបញ្ចាក់ផងដែរថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសិប្បកម្មផលិតពូក ស្ថិតតាមបណ្ដោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវកម្លាំងសមត្ថកិច្ចបានពន្លត់ចប់នៅម៉ោង ៥ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានពីបុគ្គលិកម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលត្រូវខ្សែភ្លើងឆក់ក្នុងហេតុការណ៍ខាងលើនេះ ប៉ុន្តែមិនប៉ះពាល់ដល់ជីវិតនោះ បានឲ្យដឹងថា មុនពេលកើតហេតុ ដំបូងឡើងគឺមានការទុស្សេខ្សែភ្លើង បណ្តាលឲ្យ ឆេះព្រុយកំណាត់ពូក នៅក្នុងឃ្លាំងក្រោយ ហើយពេលនោះរូបគេ ក៏បានព្យាយាមរត់ទៅបិតបារ៉ែត ក៏បានឆក់ តែម្តង ប៉ុន្តែភ្លាមនោះត្រូវកម្មករដូចគ្នាជួយសង្គ្រោះទាន់ពេល ។ ភ្លាមនោះដោយសារស្ថានភាពភ្លើងឆេះរាលដាលខ្លាំងពេលដល់ក្នុងអគារ និងស៊ីទែនធំមួយដែលស្តុកកាវ(ក្បាលឆ្កែ) ពេញស៊ីទែន ទេីបបាញ់ទឹកអស់រាប់សិបគ្រឿងក៏មិនរលត់ មិនត្រឹមតែប៉ុណ្ណោះសិប្បកម្មខាងលេីពោពេញទៅដោយពូក និងជ័រពេញបន្ទប់ ទើបបណ្ដាលឲ្យឆាបឆេះខ្លាំងអាចគ្រប់គ្រងបាន រហូតខូចខាតអាគារទាំងស្រុងផងដែរ ៕ ភារ៉ា ដង្កោ