ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងផលិតពូក ដែលត្រូវអគ្គិភ័យឆាបឆេះនៅខណ្ឌមានជ័យនោះ សមត្ថកិច្ចជំនាញសម្រេចរលំចោល ទំហំនៃការខូចខាតគិតជាទឹកប្រាក់ជាង៣លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រសាសន៍លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះថា អគ្គិភ័យដែលបានឆាបឆេះអគារ​កម្ពស់​៤​ជាន់​ នៅ​សិប្បកម្ម​ពូក​ ស្ថិត​តាមបណ្ដោយ​ផ្លូវ​លេខ​៨​បេ​តេ​ កែង​នឹង​ផ្លូវ​លេខ​៣​បេ​តេ​ ក្រុម​៤​ ភូមិ​ចម្រើន​ផល​១​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​ កាលពីម្សិលមិញ បើគិតពីទំហំនៃការខូចខាតគិតជាទឹកប្រាក់ជាង៣លានដុល្លារ ហើយគណៈកម្មាការចម្រុះ​បាន​សម្រេច​វាយកម្ទេចនិងរំលំ​អាគារនេះចោលតែម្ដង​ ព្រោះ​ខ្លាចរ​លំបាក់​ស្រុត​មក​លើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​ ។​

ក្នុង​របាយការណ៍​របស់មន្រ្តីជំនាញខាងការិយាល័យពន្លត់អគ្គិភ័យ បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ឈ្មោះ​ កាន់​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ ​៦៣​ឆ្នាំ​ មានមុខ​របរ​ ម្ចាស់​រោងចក្រ​ ,​ ប្រភេទ​សំណងនិងរោងស្តុករួមផ្សំ លើផ្ទៃដីជិត២ហិកតា​ សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​X២០០​ម៉ែត្រ​ កម្ពស់​៤​ជាន់​ ។​ ​ការ​ឆាបឆេះ​នេះ​ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ គឺ​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ។​

ចំពោះការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​ខូចខាត​ ឆេះ​រោង​សិប្បកម្ម​ផលិត​ពូក​គេង​ សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​X២០០​ម៉ែត្រ​ កម្ពស់​៤​ជាន់​ អស់ទាំង​ស្រុង​ រួម​ទាំង​ឆេះ​ឧបករណ៍​សម្ភារ:បម្រើ​ឲ្យ​ការ​ផលិត​ពូក​មាន​ដូច​ជា៖ ​ឆេះ​ម៉ាស៊ីនដេរ​ចំនួន​១៨​គ្រឿង​ ; ឆេះ​ម៉ាស៊ីន​ កាត់​ពូក​ចំនួន​៧​គ្រឿង​ ;ឆេះ​ម៉ាស៊ីន​ជាក់​ពូក​ចំនួន​១​គ្រឿង​ និង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ ​។​

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹងបន្ថែមទៀត​ថា​ ក្នុង​ការ​ឆាបឆេះ​នេះ​ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ ឬ​ស្លាប់​នោះ​ទេ​។ ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ផង​ដែរ​ កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រួម​មាន​៖​ រថយន្ត​កា​រិ​.​អគ្គិភ័យ​:​ ចំនួន​២៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​១៥៧​ឡាន​ ស្មើនឹង​ ៧៣០​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​ :​ រថយន្ត​អគ្គិភ័យ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១០​ឡាន​ ស្មើនឹង​ ៤០​ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចំនួន​ ០៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣៥​ឡាន​ ស្មើនឹង​១៦៨​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ OCIC​ ជ្រោយចង្វារ​ ចំនួន​ ០៦​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣៦​ឡាន​ ស្មើនឹង​ ៤១០​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ OCIC​កោះ​ពេជ្រ​ ចំនួន​៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣០​ឡាន​ ស្មើនឹង​ ១៤៤​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០២​ឡាន​ ស្មើនឹង​ ១២​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​បុរី​ប៉េង​ហួត​ ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០២​ឡាន​ ស្មើនឹង​ ០៨​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ ង​៧០​ ចំនួន​ ០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១០​ឡាន​ ស្មើនឹង​ ៤០​ ម៉ែត្រគូប​។

ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែសីហានេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បេសកជនពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការរាជធានីភ្នំពេញ  ព្រមទាំង អាជ្ញាធរ រាជធានី  និងអាជ្ញាធរ ខណ្ឌមានជ័យ  បានចុះមកពិនិត្យមើលទីតាំងកន្លែងដែលឆេះនេះ ។

លោកអភិបាល រាជធានីភ្នំពេញ បានសូមថ្លែងអំណរគុណដល់កម្លាំងសរុប កម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការនគរបាលរាជធានី កម្លាំងរាជអាវុធហត្ថរាជធានី  កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងពន្លត់អគ្គិភ័យចម្រុះរួមទាំងកម្លាំងក្រុមហ៊ុនOCIC ក្រុមហ៊ុនបុរីប៉េងហួត  កងពលតូច  ង៧០ និងកម្លាំងពន្លត់អគ្គិភ័យ  នាយកដ្ឋាន បង្ការនិងពន្លត់អគ្គិភ័យ និងការិយាល័យ  បង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ  និងបានចូលរួមទាំងកម្លាំង ទាំងស្មារតី  និងសម្ភា រ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មធ្វើពូកដែលបានឆាបឆេះនោះ។

គួរបញ្ចាក់ផងដែរថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ​នៅ​សិប្បកម្ម​ផលិតពូក​ ស្ថិត​តាមបណ្ដោយ​ផ្លូវ​លេខ​៨​បេ​តេ​ កែង​នឹង​ផ្លូវ​លេខ​៣​បេ​តេ​ ក្រុម​៤​ ភូមិ​ចម្រើន​ផល​១​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវកម្លាំងសមត្ថកិច្ច​បាន​ពន្លត់​ចប់​នៅ​ម៉ោង ​៥​ព្រឹកថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​ ។

តាម​ប្រភពព័ត៌មានពីបុគ្គលិកម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលត្រូវខ្សែភ្លើងឆក់ក្នុងហេតុការណ៍ខាងលើនេះ ប៉ុន្តែមិនប៉ះពាល់ដល់ជីវិតនោះ បានឲ្យដឹងថា មុនពេលកើតហេតុ ដំបូងឡើងគឺមានការទុស្សេខ្សែភ្លើង បណ្តាលឲ្យ ឆេះព្រុយកំណាត់ពូក នៅក្នុងឃ្លាំងក្រោយ ហើយពេលនោះរូបគេ ក៏បានព្យាយាមរត់ទៅបិតបារ៉ែត ក៏បានឆក់ តែម្តង ប៉ុន្តែភ្លាមនោះត្រូវកម្មករដូចគ្នាជួយសង្គ្រោះទាន់ពេល ។ ភ្លាមនោះដោយសារស្ថានភាពភ្លើងឆេះរាលដាលខ្លាំងពេលដល់ក្នុងអគារ  និងស៊ីទែនធំមួយដែលស្តុកកាវ(ក្បាលឆ្កែ)  ពេញស៊ីទែន  ទេីបបាញ់ទឹកអស់រាប់សិបគ្រឿងក៏មិនរលត់  មិនត្រឹមតែប៉ុណ្ណោះសិប្បកម្មខាងលេីពោពេញទៅដោយពូក  និងជ័រពេញបន្ទប់ ទើបបណ្ដាលឲ្យឆាបឆេះខ្លាំងអាចគ្រប់គ្រងបាន រហូតខូចខាតអាគារទាំងស្រុងផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖