ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង បាញ់មីស៊ីល លើកទី​៧ ក្នុងរយៈពេលជិត​១ខែ អាមេរិក នៅតែស្ងៀមស្ងាត់

ចែករំលែក៖

អាមេរិកបានរក្សាភាពស្ងៀមស្ងាត់ខុសប្រក្រតី​ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីល​របស់កូរ៉េខាងជើង ដល់ទៅ​៧លើក កន្លងមក ក្នុងរយៈពេល ជិត​១ខែ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ។ ​អាមេរិក មិនបានថ្កោលទោសកូរ៉េខាងជើងដូចកាលពីមុនឡើយ  មិនតែប៉ុណ្ណោះ អាមេរិក​បានប្រកាសថា បានក្តាប់ព័ត៌មាន ទាំងស្រុងស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។

សារព័ត៌មាន​យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើង បានបាញ់សមីស៊ីល ពីរគ្រាប់ នៅព្រឹក ថ្ងៃទី​២៤ ខែសីហានេះ ដោយមីស៊ីលហោះទៅកាន់សមុទ្រភាគខាងកើត កូរ៉េខាងជើង ។ ការបាញ់សាកល្បងនោះធ្វើឡើងនៅវេលាម៉ោង​៦និង​៤៥នាទី (ម៉ោងក្នុងតំបន់) ។​មីស៊ីលទាំងពីរដើម​បានហោះកម្ពស់​៩៧គីឡូម៉ែត្រ ​ក្នុងចម្ងាយផ្លូវ​៣៨០ គីឡូម៉ែត្រ ​ក្នុងល្បឿន លឿនជាង សំឡែង​៦,៥ដង់ ។

 សារព័ត៌មានយ៉ុនហាប់ បានដកស្រង់សម្តីអគ្គមេបញ្ជាការ​កម្លាំងទាហានកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់មីស៊ីលនៅព្រឹកថ្ងៃទី​២៤ ខែសីហា​ ដោយបាញ់ចេញពីកោះ​ Sondok ​ស្ថិតនៅក្នុងខេត្ត​ Hamgyong ​កូរ៉េខាងជើង ។ នៅព្រឹកថ្ងៃទី​២៤នេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងក៏បានកោះប្រជុំមន្ត្រីសន្តិសុខជាតិជាបន្ទាន់ស្ទីពីការ​បាញ់សាកល្បងមីស៊ីលខាងលើ​របស់កូរ៉េខាងជើង​។

ចំណែកកម្លាំងការពារដែនសមុទ្រប្រទេសជប៉ុន ក៏បានបញ្ជាក់ផងដែរ ថា  បានឃើញកូរ៉េខាងជើង បាញ់មីស៊ីល​ ។ ក្រសួងការពារជាតិ ជប៉ុន បានបញ្ជាក់ទៅកាន់បណ្តាព័ត៌មាន​ NBC ថា កាំជ្រួចមីស៊ីលនាំផ្លូវ ​បានបាញ់ចេញពីកូរ៉េខាអជើង ​ប៉ុន្តែមីស៊ីលនោះ ហោះមិនទាន់ដល់ដែនសមុទ្ររបស់ជប៉ុននោះឡើយ​។ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងគឺប្រភេទរយៈចម្ងាយខ្លី​។

ឧបការីទទួលបន្ទុកកូរ៉េខាងជើងរបស់អាមេរិក លោក​ Stephen Biegun  បានដឹកនាំគណៈប្រតិភូ ពិភាក្សាជានខ្ពស់ជាមួយកូរ៉េខាងជើង ហើយគណៈ​ប្រតិភូនឹងទៅដល់កូរ៉េខាងត្បូង នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីគម្រោង​រៀបចំជំនួន​ ពិភាក្សាស្តីពី​បរមាណូកូរ៉េខាងជើង ។

នេះជាការបាញ់សាកល្បងមីស៊ីលជាលើកទី​៧ហើយរបស់កូរ៉េខាងជើង ​ក្នុងរយៈពេល​មិនដល់មួយខែផង​​ចាប់ពីថ្ងៃទី​២៥ខែកក្កដា មកដល់ថ្ងៃ ទី​២៤ខែសីហា​ ​​។ មុនការបាញ់សាកល្បងនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក​ Ri Yong Ho ​បានថ្កោលទោស រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Mike Pompeo ថា​បានធ្វើឲ្យ​ប៉ះពាល់ដល់កិច្ចពិភាក្សាស្តីពី កម្មវិធីបរមាណូ ដោយប្រកាសបន្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។

សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើង ក្រោយពេលដែល កូរ៉េខាងជើងនិយាយថា ខ្លួនត្រៀមទាំងការពិភាក្សា និងទាំង​ការប្រឈមមុខ​ ជាមួយ​អាមេរិក ។ 

លោក Ri Yong Ho រដ្ឋមន្ត្រីក្រសួងការបរទេស​កូរ៉េខាងជើង​បានថ្លែង​កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ថា ទីក្រុងព្យុងយ៉ាង​​បានត្រៀម​ខ្លួន​​​ទាំង​សម្រាប់កិច្ច​ពិភាក្សា និងទាំង​ការប្រឈមមុខ​ជាមួយ​សហរដ្ឋអាមេរិក ហើយបានព្រមាន​ទីក្រុងវ៉ាស៊ីនតោនថា ការបន្តជ្រើសរើសយកវិធីដាក់ទណ្ឌកម្មនោះ អាចជាការគិតគូរដ៏ខុសឆ្គង​មួយ ។ នេះបើតាម​សារព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលបានចេញផ្សាយ ។ 

កិច្ចពិភាក្សា​កម្រិតការងារ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង​នៅមិនទាន់ចាប់ផ្តើម​នោះទេ ចាប់តាំងតែពីពេល​ជាប់គាំង​ ក្រោយជំនួបបរាជ័យ​លើកទីពីរ​រវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន​ នៅទីក្រុង​ហាណូយ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩នោះរួចមក ។ 

ប្រធានាធិបតី ត្រាំ និងលោក គីម បានជួបគ្នា​ម្តងទៀត​កាលពីខែមិថុនា ឆ្នាំ២០១៩ នៅឯ​ព្រំដែន​អន្តរកូរ៉េ ហើយមេដឹកនាំទាំងពីរ​បានព្រមព្រៀងគ្នាថា នឹងបន្ត​បើកកិច្ចពិភាក្សា ប៉ុន្តែ​ចាប់តាំងពីពេលនោះមិន​មានមានកិច្ចប្រជុំណា​មួយ​ត្រូវបានធ្វើឡើងនៅឡើយទេ ។ 

លោក Ri បានថ្លែងថា​«បើសិន​អាមេរិក​នៅតែសុបិន្តចង់សម្រេចបានលទ្ធផលគ្រប់យ៉ាង តាមរយៈការដាក់ទណ្ឌកម្មនោះ, យើងត្រូវតែអនុញ្ញាត​ឲ្យបន្តក្តីសុបិន្ត ឬបំបែកក្តីសុបិននោះចុះ ។ យើង​បានត្រៀម​ទាំងការពិភាក្សា និងទាំងការប្រឈមមុខ​ ។ ប្រសិនបើអាមេរិក​ព្យាយាមប្រឈមមុខ​ជាមួយយើងដោយ​ការដាក់ទណ្ឌកម្ម ហើយមិនព្រមបោះបង់​ចោលឥរិយាបថ​របស់ខ្លួននោះ​, វាអាចជាការគិតគូ​ខុស» ។

លោក Ri ក៏បានចោទប្រកាន់​រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo ពីការ​ជះ​ស្រមោលខ្មៅងងឹត​​ជុំវិញ​ជំនួប​រវាងអាមេរិក-កូរ៉េខាងជើង​ផងដែរ ។ លោក​ Ri បានបញ្ជាក់ថា លោក Pompeo កាន់តែចាប់អារម្មណ៍​ខ្លាំង​ចំពោះមហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន ជាង​គោលនយោបាយ​ការបរទេស​អាមេរិក​នាពេលបច្ចុប្បន្ននេះទៅទៀត ។ 

ការថ្លែង​របស់លោក Ri នៅលើបណ្តាញ​សារព័ត៌មានកូរ៉េខាងជើង KCNA បែបនេះ ក្រោយពីលោក Pompeo ធ្វើបទសម្ភាសន៍​ជាមួយ​បណ្តាញព័ត៌មាន​នៅក្នុងសប្តាហ៍នេះ​ថា បើសិន​កូរ៉េខាងជើង​មិនព្រមរំសាយ​កម្មវិធីអាវុធនុយក្លេអ៊ែរនោះទេ អាមេរិក​នឹងរក្សា​ការដាក់ទណ្ឌកម្ម​ឲ្យកាន់តែខ្លាំងក្លា​ជាប្រវត្តិសាស្ត្រ​ ខណៈដែលកំពុងបញ្ចុះបញ្ចូល​កូរ៉េខាងជើងថា ការរំសាយអាវុធនុយក្លេអ៊ែរ​គឺជាផ្លូវដ៏ត្រឹមត្រូវ​នោះ ។ 

លោក Stephen Biegun ប្រតិភូអាមេរិក ដែលដឹកនាំក្រុមពិភាក្សា​​ កម្រិតការងារ ជាមួយភាគីកូរ៉េខាងជើង​នោះ បានទៅដល់ទីក្រុងសេអ៊ូលរួចហើយ​កាលពីថ្ងៃ២០ ខែសីហា ដើម្បីពិភាក្សា​ ។ លោក Kim Hyun-chong អនុប្រធានទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង​បានថ្លែងថា ជំនួបពិភាក្សាស្តីអំពី​ការរំសាយ​អាវុធនុយក្លេអ៊ែរ​ នឹងកើតឡើងឆាប់ៗ ។ ការផ្តល់អំពីសុទិដ្ឋិនិយម​បែបនេះ ក្រោយ​ពីជំនួប​មួយ​ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ជាមួយ លោក Biegun ៕


ចែករំលែក៖