ព័ត៌មានទាន់ហេតុការណ៍៖

នាំខ្លួនជនសង្ស័យ៣នាក់ រួមនឹងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពាក់ព័ន្ធបើកល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ នគរបាលព្រហ្មទណ្ឌ សហ​ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក​វរ​សេនីយ៍ឯក ថាញ់ សុខវុន នាយ​ ការិយា​ល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់​ ( លក់ឆ្នោតវៀតណាម) នៅចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល​ ស្នងការ​ នគរ​បាលខេត្តកំពង់ចាម បន្ទាប់ពីទទួលបាន​ ពត៌មានពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៩ លោកបានបញ្ជាដល់​ កំលាំងជំនាញ​របស់ផែននគរបាលព្រហ្មទណ្ឌ សហ​ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងរបស់ប៉ុស្តិ៍នគរ​ បាលរដ្ឋបាលថ្មពូន និងអាជ្ញាធរមូលដ្ឋាន អោយ​ចុះបង្ក្រាបករណី បើក និងលេងល្បែង​ស៊ីសងខុសច្បាប់​ ( លក់ឆ្នោតវៀតណាម) នៅចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកបញ្ជាក់ប្រាប់ថា​ ក្រោយ​បង្ក្រាប​ជាលទ្ធផលយើងបង្រ្កាបបានមុខសញ្ញាចំនួន០៣នាក់គឺ ឈ្មោះ យ៉ែម នឿន​ ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ឈ្មោះ សេង គីមស្រ៊ាង​ ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម និងឈ្មោះ ឃឿន សុភាព​ ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុង​នោះ​កម្លាំង​បានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ស្លែ គ្មានស្លាកលេខ ចំនួន០១ គ្រឿង និងម៉ាកវ៉េវអេស ពាក់ស្លាកលេខ ភ្នំពេញ 1BO-5874 ។ ទូរស័ព្ទដៃចំនួន ០៥គ្រឿងគឺ, ម៉ាកហូវៃចំនួន០២គ្រឿង (ពណ៌សចំនួន០១គ្រឿង និងពណ៌ស្លាបកំភេមចំនួន ០១ គ្រឿង), ម៉ាកណូគាចុចពិលចំនួន ០២គ្រឿង (ពណ៌ខ្មៅទាំង ០២គ្រឿង), ម៉ាកអូគីតែល (Oukitel) ចំនួន០១គ្រឿង ពណ៌ខ្មៅ ។ សៀវភៅកត់កន្ទុយលេខចំនួន០៥ក្បាល (សៀវភៅធំចំនួន០២ក្បាល និងសៀវភៅតូចចំនួន០៣ ក្បាល ), កាបូបស្ពាយចំនួន០៣, ប្រាក់រៀលចំនួន ២,៥៥៨,០០០រៀល និងប្រាក់ដុលា្លរចំនួន១២៦ដុល្លារ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕​ វណ្ណៈ


ចែករំលែក៖