ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកគោយន្តកន្ត្រៃពីក្រោយស្លាប់ម្នាក់ ម្ចាស់រថយន្តបើកគេចខ្លួនបាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុរសម្នាក់ផ្លោងដេកស្លាប់ក្នុងវាលស្រែ ក្នុងកាលពីប្រហែលជាម៉ោង៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០១៤៦-០១៤៧ ដែលស្ថិតនៅលើគល់ស្ពានច្រេសខាងលិច ក្នុងភូមិសាស្ត្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សឿត ម៉ាប់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិដូនល្វា ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបរគោយន្តកន្ត្រៃ ម៉ាក KUBOTA RT 140 ពណ៌ក្រហម រ៉ឺម៉កដែក ។

លោកអធិការបានបញ្ជាក់៖ បើតាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នគរបាលជំនាញចរាចរណ៍ស្រុក មុនពេលកើត គោយន្តកន្ត្រៃបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុលើគល់ស្ពានច្រេសខាងលិចក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់បានបើកបរទិសខាងកើតទៅទិសខាងលិច ក្នុងទិសដៅស្របទិសគ្នា បានបុកចំពីក្រោយរ៉ឺម៉កគោយន្ត បណ្តាលឲ្យគោយន្តរេចង្កូតធ្លាក់ពីលើផ្លូវជាតិ បុកគល់ដើមអាកាស្យ៉ាដាច់ខាងឆ្វេង ចំណែកអ្នកបើកបរផ្លោងខ្ទាតទៅស្លាប់ក្នុងវាលស្រែ ។ ចំណែកអ្នកបើកបររថយន្តបានបើកគេចខ្លួនបាត់ បន្សល់ទុកតែប៉ាណូមុខរថយន្តមានអក្សរនីសសាន់ និងកង្ហារ ម៉ាស៊ីនរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយពីត្រួតពិនិត្យរួច កម្លាំងនគរបាលជំនាញបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្តកន្ត្រៃយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំប្រគល់ជូនក្រុមគ្រួសារជាក្រោយ ៕ វណ្ណា


ចែករំលែក៖