ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុក អំពាវនាវដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងអនាម័យ ក្នុងការរស់នៅ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកថន ថាវុទ្ធា អភិបាលនៃគណៈភិបាលស្រុកចន្រ្ទា បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស ទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងអនាម័យក្នុងការរស់នៅ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាត្រពាំងធ្លក ស្ថិតនៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី និង បិទបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកប្រធានការិយាល័យអន្តរវិស័យសាលាស្រុក លោកតំណាងការិយាល័យអប់រំយុវជន និងកីឡា ស្រុកលោកមេឃុំច្រេសក្រុមប្រឹក្សាឃុំ លោកមេភូមិត្រពាំងធ្លក លោកនាយ-នាយរងប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ២០៥ នាក់់ ។

លោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខដល់លោកនាយកសាលាលោកគ្រូអ្នកគ្រូបងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្សពីសំណាក់លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រាក្រុងបាវិត ក៏ដូចជាលោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងផងដែរ ។

លោកក៏បានថ្លែងអំណរគុណ ដល់លោកលោកស្រីដែលជាសប្បបុរសជនទាំងអស់បានចំណាយថវិការផ្ទាល់ខ្លួនជាសម្ភារផ្សេងៗ ដើម្បីរួមចំណែកក្នុងកិច្ចការសង្គមពិសេសវិស័យអប់រំនៅស្រុកចន្ទ្រាទាំងមូលផងដែរ ។

បន្ទាប់មកលោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករដែលប្រកបមុខរបរកសិកម្មត្រូវមានការប្រុងប្រយត្ន័ខ្ពស់ព្រោះរដូវនេះជារដូវវស្ស ជាពិសេសពេលមានភ្លៀងខ្យល់ និងរន្ទះសូមរត់ទៅរកជ្រកទីទួលកន្លែងមានសុវត្ថិភាព និងត្រូវបិទទូរទស្សន៍ ទូរសព្ទ័ ព្រោះវាងាយស្រួលអាចស្រូបយករន្ទះកើតជាយថហេតុផ្សេងៗផងដែរ ។

ក្នុងឪកាសនោះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាប្អូនៗសិស្សានុសិស្សសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចេះថែរក្សាសុខភាពថែរក្សាអនាម័យក្នុងការរស់នៅដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឲ្យផុតពីគ្រឿងញៀន និងត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីជាទំពាំងស្នងឬស្សីដល់ប្រទេសជាតិនាពេលអនាគតផងដែរ ។

បន្ទាប់មកលោកអភិបាលស្រុក ក៏បានចែកសម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្សចំនួន ១៥៥ នាក់ ក្នុងម្នាក់ៗទួទលបានសៀវភៅសរសេរ ចំនួន២ក្បាលប៊ិច១ដើម ក្តារហ្វឺត១ ខ្មៅដៃ១ដើម និងទឹកប្រាក់ចំនួន២ពាន់រៀលផងដែរ ៕ យឹម សុថាន


ចែករំលែក៖