ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំត្រូវរថយន្ដបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់បាក់ជើងឆ្វេង កាលពីវេលាម៉ោង១០និង៥៥នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២៣-១២៤ ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសជិះម៉ូតូមានឈ្មោះ វ៉ា ធឿន អាយុ៤២ឆ្នាំ មុខរបរកម្មកររស់នៅភូមិឈ្នះជ័យលើ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

យោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១M-០៧៤៥ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែមានរថយន្ដមិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ បានបើកបោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយឃើញសភាពការណ៍បែបមិនស្រួល អ្នកបើករថយន្ដ បានបន្ថែមល្បឿន បើករថយន្ដគេចខ្លួនបាត់ស្រមោលភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងមន្ទីរេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែងអូសយក ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីរង់ចាំដោះស្រាយពេលក្រោយ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកជិះម៉ូតូបើកមិនប្រកាន់ស្ដាំ ៕ យឹម សុថាន


ចែករំលែក៖