ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ បើករថយន្ដល្បាតមកបំពេញភារកិច្ចក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស ។
ហេតុការណ៍នេះបានកើតហេតុនៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ មុខរោងចក្រក្រោន ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១:៤០នាទី លើផ្លូវជាតិលេខ៤ មុខរោងចក្រក្រោន ក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ ទឹកបុិចពាក់ស្លាកលេខខេមរភូមិន្ទ2-0185 អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ រថយន្តជាកម្មសិទ្ធរបស់អង្គភាពកងរាជអាវុធហត្ថក្រុង មានទិសដៅចេញពី បន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតយប់ ) លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1F-0933 ជិះគ្នា ២នាក់ ៖ ១, ឈ្មោះ គីម សូលី ភេទប្រុស អាយុ ៣០ឆ្នាំ ២, ឈ្មោះ តូ សេង ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំងពីរមានមុខរបរ បុគ្គលិកក្រុមហ៊ុន ជី ធី អាយ និង មានទីលំនៅបច្ចុប្បន្ន ក្រុង/ខេត្តព្រះសីហនុ ទិសដៅផ្ទុយគ្នា ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ និងរងរបួសមនុស្ស១នាក់ ៖ ១, ឈ្មោះ គីម សូលី ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានដឹកយករក្សាទុកនៅវត្តឥន្ទញ្ញាណ ( ហៅវត្តក្រោម ) ។ ២, ឈ្មោះ តូ សេង រងរបួសធ្ងន់ បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ឃ្លាងលើ ។
អ្នកបើកបររថយន្ត បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោ បានត្រួតពិនិត្យជាតិអាកុល រកឃើញមានចំនួន០.៤០mg/l ។
រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង សមត្ថកិច្ចជំនាញយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ