ខេត្តមណ្ឌលគីរី៖ សមត្ថកិច្ចដែនជម្រកសត្វព្រៃកែវសីមា ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានព្យាយាមប្រើប្រាស់រថយន្តដឹកបទល្មើសព្រៃឈើក្នុងតំបន់ហាមឃាត់ ។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចបានធ្វើឡើង នៅម៉ោង៩ព្រឹក ថ្ងៃច័ន្ច ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នៅផ្លូវលំក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
ប្រភពពីសមត្ថបានឲ្យដឹងថា ក្រុមការងារបានស្ទាក់ចាប់រថយន្តកាមរីហើមមួយគ្រឿង ពណ៌ខ្មៅ ដែលដឹកឈើប្រភេទបេង មកពីទឹកដីនៃស្រុកអូររាំង ដោយឆ្លងកាត់ តំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ។
ហើយសមត្ថកិច្ច ក៏បានប្រដេញតាមរថយន្តសង្ស័យតាំងពីគីឡូម៉ែត្រលេខ៦៤ រហូតដល់លំនៅដ្ឋានរបស់ជនសង្ស័យតែម្ដង ។
សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ នាថ ភេទប្រុស ហើយគេបានព្យាយាមរារាំងសមត្ថកិច្ច និងយកសាំងបម្រុងចាក់ដុតបំផ្លាញរថយន្តនោះចោលទៀតដើម្បីបំបាត់ភ័ស្តុតាងតែត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ ។
ទោះជាយ៉ាងណា ជនសង្ស័យមិនអាច បំផ្លាញចោលរថយន្តនេះបានទេ ដោយត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅស្នាក់ការដែនជម្រក រួមទាំងរថយន្តបម្រើដល់ការដឹកជញ្ជូនឈើប្រណីត ក៏ត្រូវបញ្ជូនទៅស្នាក់ការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ជីវ័ន្ត