ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកបរម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យរបួសធ្ងន់នៅស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កំហុសរបស់អ្នកធ្វេសប្រហែសមួយពេល អាចធ្វើឲ្យមនុស្សត្រូវរបួស ឬបាត់បង់ជីវិតមួយប៉ព្រិចភ្នែក ។ បុរសម្នាក់បើកបរម៉ូតូមិនប្រយ័ត្នបានបុកពីក្រោយរថយន្ត បណ្តាលឲ្យរបួសធ្ងន់ ក្នុងខណៈរថយន្តចតគ្មានភ្លើងសញ្ញាសម្គាល់ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៥១-១៥២ ស្ថិតក្នុងភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨:៤០នាទី លើផ្លូវជាតិលេខ៧ចន្លោះបង្គោលគីឡូម៉ែត្រ១៥១-១៥២ ចំណុចមុខផ្ទះឈ្មោះភឺន សីដែន ភេទប្រុស ស្ថិត នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

យោងតាមរបាយការណ៍នគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំឲ្យដឹងថា រថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A-01 38 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បានចតនៅចំណុចកើតហេតុខាងលើ ។ លុះអ្នកបើកបរម៉ូតូមកដល់បានបុកពីក្រោយពេញទំហឹងតែម្តង បណ្តាលឲ្យរបួសធ្ងន់នៅនឹងកន្លែង ហើយត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យសង្គ្រោះជីវិត ។ ដោយឡែកអុ្នកបើកបររថយន្ត ខណៈបានដឹងថាខ្លួនឯងខុសចតរថយន្តមិនមានភ្លើងសញ្ញាសម្គាល់បានរត់គេចខ្លួនបាត់ ។

របាយការណ៍ឲ្យដឹងទៀតថា ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡេង សុខចាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិឯអូត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕ វណ្ណៈ

 


ចែករំលែក៖