ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូរេចង្កូតមកឆ្វេងឆ្វេងជ្រុលទៅបុករថយន្ដបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំបានរេចង្កូតមកឆ្វេង ជ្រុលទៅបុករថយន្ដមួយគ្រឿង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ ត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ៥១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២-៣ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែករថយន្ដម៉ាក FUSO ប្រភេទបែន ពណ៌ប៉ៃតង គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងរថយន្ដម៉ាក FUSO ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើង (ថ្នល់ទទឹង- បាត់ដឹង) លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកស្មាស់មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង (ក្នុងទិសដៅបញ្ច្រាសគ្នា) បានរេចង្កូតមកឆ្វេង ចូលក្នុងចំណែកផ្លូវ នៃរយាន្ដយន្ដម្ខាងទៀត ក៏បុកជាមួយរថយន្ដខាងលើពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកមូតូស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះទៅកន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង កសាងឯកសារយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសព ត្រូវបានកម្លាំងជំនាញ យកមកតំកល់ទុកនៅវត្តភូមិថ្មី រង់ចាំរកសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីនេះ បណ្តាលមកពី អ្នកបើកបរម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បើកមិនប្រកាន់ស្ដាំ ទើបបានជាបុកជាមួយរថយន្ដបែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖