ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រានឹកឃើញខឹងប្រពន្ធលេងល្បែង និងមិនសូវនៅផ្ទះដុតផ្ទះខ្លួនឯងចោលខូតខាតទាំងស្រុង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់ ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យខូចខាតទាំងស្រុង ខណៈដែលបុរសរូបនេះ ផឹកស្រាស្រវឹងជោគជាំ នឹកឃើញខឹងប្រពន្ធខ្លួនឯង មិនសូវនៅផ្ទះជួយធ្វើការងារ គិតតែពីលេងល្បែង ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដុតផ្ទះខ្លួនឯងឈ្មោះ ង្វៀង យុំាងយ៉ែរ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទត្រី (ឃាត់ខ្លួន) រីឯស្ដ្រីរងគ្រោះជាប្រពន្ធឈ្មោះ មៀង ធីចាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ វៀតណាម ។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិព្រែកស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកទ្រព្យសម្បត្ដិខូចខាតមានផ្ទះបែលើទឹកសង់ពីឈើ ជញ្ជាំងក្តារ ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ x ៧ម៉ែត្រ (ខូចខាតទាំងស្រុង) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យជាប្ដី បានទិញស្រាយកមកផឹកជាមួយអ្នកភូមិផ្ទះជិតគ្នា២នាក់ លុះផឹកអស់ស្រាហើយ ជនសង្ស័យមិនអស់ចិត្ដ ក៏បានទៅទិញស្រាកន្លះលីត្របន្ថែមទៀត រួចដើរទៅលើបែ លើទឹករបស់ខ្លួន ដែលស្ថិតនៅក្នុងទន្លេ ក្រោយពីផឹកហើយ ជនសង្ស័យ មានសភាពស្រវឹង ក៏នឹកឃើញប្រពន្ធខ្លួនមិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងល្បែង (បៀរ) ខណៈនោះ ក៏កើតមានកំហឹងក្នុងខ្លួន ស្ទុះទៅយកដែកកេះអុជជក់បារី ហើយបោះកន្ទុយបារីទៅលើវាំងនន បណ្តាលឲ្យរាលឆាបឆេះរាលដាលពេញផ្ទះ បណ្ដាលឲ្យផ្ទះឆេះខូចខាតទាំងស្រុងតែម្តង ។

បន្ទាប់ពីកម្លាំងទទួលបានព័ត៌ខាងលើរួច ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅកន្លែងកើតហេតុ រួចនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

សុំបញ្ជាក់ថា៖ ករណីនេះ ស្រ្ដីជាប្រពន្ធ សុំមិនប្ដឹងផ្ដល់អ្វីទេ គឺសំណូមពរឲ្យសមត្ថកិច្ចអប់រំ ៕ ស្អាងជ័យ


ចែករំលែក៖