ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែល បង្កើនការវាយប្រហារទៅលើទីតាំងនៅស៊ីរី​ និងកាហ្សា

ចែករំលែក៖

សារព័ត៌មាន Sputnikនៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ បានផ្សាយ​ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយ​ថា លោកគាំទ្រ ការវាយ​ប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី ព្រោះវាគឺជាសិទ្ធិការពារខ្លួន ដោយស្របច្បាប់ ។

លោក ប៉ុមប៉េអូ បានលើកឡើងដូច្នេះថា៖«នៅថ្ងៃនេះ ខ្ញុំបានជជែកជាមួយ​​លោកនាយ​ករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសូមសម្ដែងការគាំទ្រចំពោះសិទ្ធិការពារ ខ្លួនស្របច្បាប់​របស់អ៊ីស្រាអែល ក្នុងការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ង់នៅស៊ីរី ដើម្បីទប់ស្កាត់ ឬបំផ្លាញផែនការប្រឆាំងនឹងអ៊ីស្រាអែល» ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន អ៊ីស្រាអែល បានបើកការវាយប្រហារលើ​មូល​ដ្ឋាន យោធាអ៊ីរ៉ង់ជាច្រើន កន្លែងនៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញ​សំបុកយន្ដ​ហោះដ្រូន ដែលកងកម្លាំង អ៊ីរ៉ង់ទុកប្រើប្រាស់ដើម្បីវាយ​ប្រហារលើអ៊ីស្រាអែល ។

ប៉ុន្តែខាងយោធាស៊ីរី មិនបានបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថាខ្លួនចាប់បានសញ្ញាមីស៊ីល របស់សត្រូវបាញ់ចេញពីតំបន់ Golan ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់ ។

នៅក្នុងព្រឹកតែការណ៍មួយផ្សេងទៀត កាលពីយប់ ថ្ងៃ ទី​២៥ ខែសីហា កាំជ្រួចមីស៊ីលរបស់​ក្រុមប្រដាប់អាវុធ នៅកាហ្សា​ បានបាញ់សំដៅទៅលើតំបន់ភាគខាងត្បូង នៃ​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែកាំជ្រួចមីស៊ីលនោះ ត្រូវកាំជ្រួចការពារ ដែនអាកាសរបស់អ៊ីស្រាអែល​ Iron dome បាញ់ស្ទាក់កម្ទេចចោល ប្រកបដោយជោគជ័យ​ ។

សារព័ត៌មាន​ Times of Israel ​បានផ្សាយថា កាំជ្រួចមីស៊ីលពីរគ្រាប់ ត្រូវបានប្រព័ន្ធការពារ​អ៊ីស្រា​អែល​ បាញ់កម្ទេចចោល នៅលើអាកាស​ ។ ក្នុងពេលជាមួយគ្នានោះដែរ ក៏មាន​មីស៊ីល​មួយដើមទៀត បានឆ្លងផុតប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល ដោយ​ធ្លាក់ចំផ្លូវល្បឿនលឿន បង្កឲ្យមានផ្ទុះឆេះ​ ប៉ះពាល់ដល់ផ្ទះរបស់ពលរដ្ឋ​នៅក្បែរនោះ ប៉ុន្តែវាមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសនោះឡើយ ។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានផ្សាយថា មានស្ត្រីម្នាក់បាន​រងរបួស​ស្រាល ខណៈព្យាយាមរត់ទៅកាន់​ត្រង់សេ ដើម្បីគេចពីគ្រាប់ផ្លោងនោះ​ ។ ការវាយប្រហារនេះ បានកើតឡើង ក្នុងពេល អ៊ីស្រាអែល និងកាហ្សាកំពុងតែតានតឹងនៅតំបន់ព្រំដែន ។ អ៊ីស្រាអែល តែងតែវាយប្រហារទៅលើគោលដៅ​របស់ក្រុមហាម៉ាសនៅកាហ្សា​ ។

ក្រុមហាម៉ាស់ បានបង្កើតរដ្ឋាភិបាលដាច់ដោយឡែក នៅកាហ្សា កាលពីឆ្នាំ​២០០៦​ ។ កាហ្សា គឺជាតំបន់​ជាប់សមុទ្រ មេឌីទែរ៉ាណេ​ ជាប់អេហ្ស៊ីប និង អ៊ីស្រាអែល ។ ​ កាហ្សា ​មិនស្ថិតនៅ ក្រោមប្រទេសណាមួយនោះឡើយ​​​ ហើយក្រុមហាម៉ាស់ គ្រប់គ្រងដីគោក ចំណែកអ៊ីស្រាអែលគ្រប់គ្រង ដែនអាកាស និងដែនសមុទ្រកាហ្សា ។ អាចនិយាយបានថា តំបន់កាហ្សា ត្រូវអ៊ីស្រាអែល ឡោមព័ទ្ធ ទាំងដែនអាកាស និងដែនទឹក ៕​


ចែករំលែក៖