ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ដ្រី គន់ គីម ដឹកនាំកម្លាំងជំនាញបន្តវាយកម្ទេចអគារកម្ពស់៦ជាន់ នៅខណ្ឌមានជ័យ ក្រោយពីភ្លើងឆេះខូចខាតសម្ភារជាង ៣លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរជំនាញដែលដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាប់ផ្ដើមវាយកម្ទេចអគារកម្ពស់៦ជាន់ ដែលសល់តែគ្រោងឆ្អឹង ក្រោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ។

គួរបញ្ចាក់ថា ជុំវិញហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆេះអគារសិប្បកម្មផលិតពូកកម្ពស់៦ជាន់មួយអគារ និង៤ជាន់មួយអគារ ជាមួយរោងសិប្បកម្មធំមួយ នៅចំណុចផ្លូវលេខ៨បេតេ កែផ្លូវ៣បេតេ ក្រុងទី៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានប្រើប្រាស់ពេលជាង១៦ម៉ោង ដើម្បីបាញ់ទឹកពន្លត់ ពោលកើតហេតុចាប់ពីម៉ោង០១៖២០នាទី ថ្ងៃទី២៣ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍លម្អិតរបស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា សម្រាប់ហេតុការណ៍គ្រោះអគ្គិភ័យ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញនេះ បណ្ដាលឲ្យអគារសិប្បកម្ម និងសម្ភារ ឧបករណ៍ផលិតពូកជាច្រើនគ្រឿង ត្រូវបានខូចខាតទាំងស្រុង សរុបទឹកប្រាក់ ចំនួន៣,៣៥០,០០០ដុល្លារអាមេរិក ។

ដោយឡែក សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៤៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦១ឡាន ស្មើនឹងទឹក១,៤៧៦ម៉ែត្រគូប ។

សមត្ថកិច្ចបានអះអាងទៀតថា ករណីអគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី មិនមានការឆេះរាលដាលដល់ផ្ទះរបស់អ្នកជិតខាង និងមិនមានអ្នកណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយ ។

ប៉ុន្តែចំពោះផ្លូវមួយចំនួន ដែលត្រូវឆ្លងកាត់មកកន្លែងកើតហេតុ រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅជាប់នឹងបរិវេណនៃកន្លែងកើតហេតុ ត្រូវបានក្រុមការងារមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ និងស្នាក់នៅតាមផ្ទះឡើយ ដើម្បីបង្ការករណីគ្រោះថ្នាក់កើតឡើង ពីការបាក់រលំអគារដែលអគ្គីភ័យឆាបឆេះខាងលើនេះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖