ខេត្តឧត្តរមានជ័យ ៖ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានអះអាងថា ខណៈបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខាងលើ នៃជួរភ្នំព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង មន្ត្រីបានសម្រេចបើកទ្វារបញ្ចេញប្រភពទឹកចេញខ្លះ ការពារកើតមានផលប៉ះពាល់ ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានឲ្យដឹងថា អាងរក្សាប្រភពទឹកចំំនួនពីរ គឺអាងរក្សាប្រភពទឹក៥ និងអាងរក្សាប្រភពទឹកតាម៉ុក ក្នុងភូមិសាស្ត្រខាងលើ មានកម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចបើកទ្វារទឹកបញ្ចេញក្នុងគោលបំណងរុញទឹកឲ្យបានលឿន តាមរយៈអាងទឹកទំនប់ថ្មីមកស្តុកទុកនៅអាងទឹកស្ទឹងស្រែងទី២ និងបន្តទម្លាក់មកអាងទឹកស្ទឹងស្រែងទី១ ដើម្បីចែកចាយទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។
លោកបានបញ្ជាក់ថា រដូវវស្សាឆ្នាំនេះ អាកាសធាតុមានការប្រែប្រួល ប្រព័ន្ធធារាសាស្ត្រខ្នាតតូចធំមួយចំនួននៅក្នុងបណ្តា ស្រុក ក្រុងនៃខេត្តនេះ មកដល់ពេលនេះ មិនទាន់មានប្រភពទឹកហូរចូលដើម្បីរក្សាទុកនៅឡើយទេ ។
សូមរំលឹកថា ខេត្តឧត្តរមានជ័យមានប្រព័ន្ធធារាសាស្ត្ររក្សាប្រភពទឹកតូចធំចំនួន៨១ទីតាំង ក្នុងនោះប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន៣កន្លែង និងខ្នាតមធ្យម និងតូចចំនួន៧៨កន្លែង ៕ ប៉ែន នួន