ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា មន្ត្រីអាវុធហត្ថជាអ្នកបើកបររថយន្តល្បាតមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបើកបររថយន្តល្បាតទាំងស្ថានភាពស្រវឹងហើយជ្រុលជ្រួសទៅបុកម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបង្កឲ្យអ្នកបើកបរម៉ូតូត្រូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង២១ និង៤០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រហូតមកដល់វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រោយពេលដែលមន្ត្រីកងរាជអាវុធហត្ថខាងលើបង្កឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់បាត់បង់អាយុជីវិតក្រោយកើតហេតុ ភ្លាមៗ សមត្ថកិច្ចនគរបាលជំនាញបានឃាត់ និងនាំខ្លួនមកកាន់ការិល័យនគរបាលចរាចរផ្លូវគោកបានរកឃើញថា មន្ត្រីអាវុធហត្ថអ្នកបើកបររថយន្តល្បាតមានជាតិអាកុលនៅក្នុងខ្លួន ០;៤០ ក្នុងមួយលីត្រខ្យល់ ។
សមត្ថកិច្ចជំនាញខាងលើបានបន្តឲ្យដឹងទៀតថា ក្រោយពីការសាកសួរ និងកសាងសំណុំរឿង មន្ត្រីកងរាជអាវុធហត្ថ( ជនបង្ក) បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ។
ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា យោងតាមច្បាប់ចរាចរផ្លូវគោកបានកំណត់ថា អ្នកបើកបរដែលមានជាតិអាល់កុលនៅក្នងខ្លួន ក្នុងស្ថានភាពស្រវឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរបាត់បង់ជីវិត ត្រូវជាប់ទោសដាក់ពន្ធនាគារចាប់ពី០១ ឆ្នាំ ដល់០៣ឆ្នាំ និងពិន័យជាទឹកប្រាក់មួយចំនួនធំបន្ថែមទៀត ៕ ឆ្លាម សមុទ្រ