ព័ត៌មានទាន់ហេតុការណ៍៖

អាង​រក្សា​ប្រភពទឹក​ពីរផ្នែក​ខាងលើ​ជួរ​ភ្នំ​ព្រំដែន ​សម្រេច​បើកទ្វារ​ទឹក​បញ្ចេញ​ខ្លះ​

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មានជ័យ ​៖​ មន្ត្រី​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​បាន​អះអាងថា ខណៈ​បច្ចុប្បន្ននេះ ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ផ្នែក​ខាងលើ​ នៃ​ជួរ​ភ្នំ​ព្រំដែន ​ក្នុងភូមិ​សាស្ត្រ​ ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង មន្ត្រី​បានសម្រេច​បើកទ្វារ​បញ្ចេញ​ប្រភពទឹក​ចេញ​ខ្លះ​ ការពារ​កើតមាន​ផលប៉ះពាល់​ ។

លោក​ ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឲ្យដឹងថា អាង​រក្សា​ប្រភពទឹក​ចំំ​នួន​ពីរ គឺ​អាង​រក្សា​ប្រភពទឹក​៥ និង​អាង​រក្សា​ប្រភពទឹក​តា​ម៉ុក ក្នុងភូមិ​សាស្ត្រ​ខាងលើ មាន​កម្ពស់​ទឹក​ហក់​ឡើង​លើសពី​តម្រូវការ ក្រុមការងារ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បានសម្រេច​បើកទ្វារ​ទឹក​បញ្ចេញ​ក្នុង​គោលបំណង​រុញ​ទឹក​ឲ្យ​បាន​លឿន​ តាមរយៈ​អាងទឹក​ទំនប់​ថ្មី​មក​ស្តុក​ទុក​នៅ​អាងទឹក​ស្ទឹង​ស្រែង​ទី​២ និង​បន្ត​ទម្លាក់​មក​អាងទឹក​ស្ទឹង​ស្រែង​ទី​១ ដើម្បី​ចែកចាយ​ទៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​ ។

លោក​បាន​បញ្ជាក់ថា រដូវវស្សា​ឆ្នាំនេះ​ អាកាសធាតុ​មានការ​ប្រែប្រួល ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​តូចធំ​មួយចំនួន​នៅក្នុង​បណ្តា ស្រុក ក្រុង​នៃ​ខេត្ត​នេះ មកដល់ពេលនេះ មិនទាន់មាន​ប្រភពទឹក​ហូរ​ចូល​ដើម្បី​រក្សាទុក​នៅឡើយ​ទេ​ ។​

សូមរំលឹកថា ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ប្រព័ន្ធធារាសាស្ត្រ​រក្សា​ប្រភពទឹក​តូចធំ​ចំនួន​៨១​ទីតាំង ក្នុងនោះ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ​ចំនួន​៣​កន្លែង និង​ខ្នាត​មធ្យម​ និង​តូច​ចំនួន​៧៨​កន្លែង ​៕ ប៉ែន នួន


ចែករំលែក៖