ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដស្ទូចរអិលថយក្រោយកិនបុរសម្នាក់បណ្ដាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដស្ទូចបើកឡើងចំណោតមិនរួច ក៏រអិលថយក្រោយកិនម៉ូតូ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ០៨ និង ៣០ នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខ្លោងទ្វារចូលវត្ដពោធិ៍ញាណ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រត់តុ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកតៃកុងរថយន្ដឃាត់ខ្លួនមានឈ្មោះ ឆយ វណ្ណៈ ភេទប្រុស អាយុ៤៥ ឆ្នាំមុខរបរ បុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុគេឃើញរថយន្ដស្ទូចមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9823 បើកបរតាមបណ្ដោយផ្លូវបេតុងបំណងឡើងទៅផ្លូវ៣៧១ ក្នុងទិសដៅជើងទៅត្បូង ស្រាប់តែបុរសម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FT-9631 បើកបរទិសដៅស្របទិសគ្នាដែលឈប់ពីក្រោយរថយន្ដ ប៉ុន្ដែពេលដែលរថយន្ដឡើងចំណោតមិនរួចក៏រអិលកិនម៉ូតូនិងជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ដោយឡែកតៃកុងរថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងអូសរថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ។

ចំណែកសាក សពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖