ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែឲ្យលុយ ១,២០០ ដុល្លារ ទៅដូរលុយនៅផ្សារទួលទំពូង ត្រូវចោរឆក់កាបូបបានសម្រេចដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវបានថៅកែរបស់ខ្លួនឲ្យលុយចំនួន១,២០០ដុល្លារយកទៅដូរលុយនៅផ្សារទួលទំពូង ខណៈដែលគាត់កំពុងជិះម៉ូតូតាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយគាត់បានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ករណីចោរឆក់កាបូបលុយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ៤៥០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារបាត់បង់ក្នុងកាបូបរួមមាន៖ ទូរស័ព្ទដៃមួយគ្រឿង ; លុយចំនួន ១,២០០ដុល្លារ ។

តាមប្រភពពីស្រ្តីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ត្រូវបានថៅកែឲ្យលុយចំនួន១,២០០ដុល្លារយកទៅដូរលុយនៅផ្សារទួលទំពូង ខណៈដែលគាត់កំពុងជិះម៉ូតូតាមផ្លូវដល់ចំណុចកើតហេតុ ស្រាប់តែត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកអែបមកក្បែរ រួចធ្វើសកម្មភាពឆក់យកកាបូបលុយគាត់ ដែលដាក់នៅខាងមុខឃ្លប់ម៉ូតូបានសម្រេចហើយ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ ដោយនាំស្រ្តីរងគ្រោះយកមកសាកសួរ ដើម្បីកំណត់មុខសញ្ញានិងភិនភាគងាយស្រួលតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖