ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកឧទ្ធម្ភាគចក្ររបស់ចិន​ នឹងជួយឲ្យកម្លាំងទាហានចិន​កាន់តែខ្លាំង​

ចែករំលែក៖

ចិនបានបង្កើនសមត្ថភាពយោធា ដោយផ្តោតសំខាន់ទៅលើកម្លាំងទាហានជើងទឹក និងជើងអាកាស ដែលជាការពង្រីកឥទ្ធិពលនៅក្នុងតំបន់ក៏ដូចជាទប់ទល់និងការ គំរាមកំហែងពីអាមេរិក​ ។

ចិនបានបង្កើន ការផលិត នាវា ផ្ទុកយន្តហោះ ក៏ដូចជានាវាផ្ទុកឧទ្ធម្ភាគចក្រ ។ រូបភាពថ្មីៗ ដែលទើបលេចឡើងបានបង្ហាញថា ការសាងសង់នាវាដឹកឧទ្ធម្ភាគចក្រដំបូងគេបំផុតរបស់ចិន ជិតបញ្ចប់រួចរាល់ជាស្ថាពរហើយ ដោយវាអាចនឹងត្រូវដាក់ដំណើរការនៅលើផ្ទៃទឹកបាន នៅក្នុងឆ្នាំនេះតែម្តង ។

បច្ចុប្បន្ននាវាផ្ទុកឧទ្ធម្ភាគចក្រយោធាចិនហៅថា Type 075 កំពុងស្ថិតក្រោមការសាងសង់នៅមូលដ្ឋានសាងសង់កប៉ាល់ ហ៊ូតុង ចុងហ័រ (Hudong-Zhonghua) ក្នុងទីក្រុងសៀងហៃ ខណៈបើតាមរូបភាពថ្មីៗនៅលើបណ្តាញសង្គម រូបរាងរបស់វាគឺជិតពេញលក្ខណៈហើយ សម្រាប់ការត្រៀមដាក់ដំណើរការនៅលើផ្ទៃទឹក ។

នាវាយោធា Type 075 នេះ ត្រូវគេរំពឹងថា អាចសាងសង់ឡើងយ៉ាងហោចណាស់ពីរគ្រឿងទៀត ខណៈវាស្ថិតក្នុងប្រភេទនាវាយោធា អំហ្វីប៊ីយ៉ូស (Amphibious Assault) របស់ចិន ដែលមានសមត្ថភាព បញ្ចេញកងទ័ពរាប់ពាន់នាក់ រួមជាមួយសព្វាវុធជាច្រើនគ្រឿងទៀត ទៅវាយប្រហារនៅតាមតំបន់ដែលជាប់ផ្ទៃសមុទ្រ ។ នាវា Amphibious Assault ស៊េរីមុនគឺ Type 071 ដែលចិនមាន ០៨គ្រឿង ។

ចំណុចខុសគ្នារវាងនាវា Amphibious Assault Type 075 និង Type 071 គឺត្រង់ថា Type 075 មានផ្នែកខាងលើរាបស្មើយ៉ាងទូលាយតែម្តង ហើយផ្ទុកឧទ្ទម្ភាគចក្របានច្រើនគ្រឿង ហើយធ្ងន់ជាងគឺចន្លោះពី ៣០,០០០-៤០,០០០តោន ខណៈនាវា Type 071 មានរូបរាងដូចនាវាចម្បាំង ដែលអាចស្តុកឧទ្ធម្ភាគចក្របានប្រហែល ០២គ្រឿងនៅផ្នែកខាងក្រោយ និងមានទម្ងន់ខ្ទង់ ២៥,០០០តោន ។

គួរជម្រាបថា សម្រាប់នាវាដឹកយន្តហោះចម្បាំងវិញ បច្ចុប្បន្នចិនមាន ០២គ្រឿង គឺឈ្មោះ Liaoning និង Type 001 ។ ពួកវាមានទម្ងន់ ៥៨,០០០-៦៨,០០០តោន ហើយអាចផ្ទុកយន្តហោះចម្បាំងបាន ៤០គ្រឿង ។ នាវាផ្ទុកយន្តហោះចម្បាំងចិនមួយគ្រឿងទៀត ក៏ត្រូវគេជឿជាក់ថា កំពុងស្ថិតក្រោមការសាងសង់នៅសៀងហៃដែរ៕


ចែករំលែក៖