ភ្នំពេញ ៖ របាយការណ៍បំភ្លឺរបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញមូលហេតុធំៗ ចំនួន៣ដែលធ្វើឲ្យ សមត្ថកិច្ចមានផលលំបាក ក្នុងការគ្រប់គ្រងស្ថានភាពដែលអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ក្នុងអគារសិប្បកម្មផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មូលហេតុទាំងនោះមានដូចជា ៖
*ទី១៖ ផ្លូវសម្រាប់រថយន្តពន្លត់អគ្គិភ័យ មានលក្ខណៈតូចចង្អៀត ហើយប៉ែកខាងលិច នៃអគារដែលឆេះបាក់ គឺជាផ្លូវទាល់ធ្វើឲ្យមានការលំបាក ក្នុងការប្រមូលផ្ដុំរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកឲ្យបានព្រមៗគ្នា ស្រោចទៅលើអគ្គិភ័យដែលកំពុងឆេះទ្រង់ទ្រាយធំ នីតិវិធីរបស់យើងបានត្រឹមតែបណ្ដាក់ទឹកបន្តគ្នាពីរថយន្តមួយទៅរថយន្តមួយ ហើយពេលដែលអស់ទឹកជួបការលំបាកក្នុងការបត់រថយន្ត បានត្រឹមតែថយក្រោយធ្វើឲ្យអូសបន្លាយពេលវេលា ។
*ទី២៖ ករណីអគ្គិភ័យមានលក្ខណៈទ្រង់ទ្រាយធំ បង្កឲ្យមានចំហាយក្តៅខ្លាំង ធ្វើឲ្យកងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅគៀកអគារដែលកំពុងឆេះ បានទាមទារឲ្យប្រើប្រាស់រថយន្តបាញ់ទឹកទប់ស្កាត់ ការឆេះរាលដាលដល់គោលដៅដែលនៅជិត និងលំនៅដ្ឋានប្រជាពលរដ្ឋ ព្រមជាមួយការជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់គ្រោះថ្នាក់ ។ ម៉្យាងទៀតរថយន្តពន្លត់អគ្គិភ័យរបស់យើង ប្រភេទជណ្តើរមានតែមួយគ្រឿង ហើយករណីឆេះនេះ ជាប្រភេទអគារមានកម្ពស់ពី៤-៦ជាន់ ដែលជាការលំបាករបស់ជំនាញក្នុងការអន្តរាគមន៍ពន្លត់ ។
*ទី៣៖ សិប្បកម្មដែលឆេះនេះ គឺជាសិប្បកម្មផលិតពូក សំបូរទៅដោយសារធាតុងាយឆេះ ដូចជា ប្លាស្ទិច កាវ សាំងក្រអូប អេប៉ុង ក្រណាត់ សារធាតុទាំងអស់នេះ ការឆាបឆេះមានល្បឿនលឿន ឡើងកម្ដៅខ្លាំងបង្កជាផ្សែង និងអណ្តាតភ្លើង ដែលមានសារធាតុពុល និងខ្វះអុកស៊ីហ្សែនក្នុងការដកដង្ហើម ។ បញ្ហាទាំងអស់នេះ បានបង្កការលំបាកដល់ក្រុមប្រតិបត្តិការដែលបានចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ។
ជាមូយគ្នានេះ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានគាំទ្រដល់ក្រុមពន្លត់អគ្គិភ័យលើកទឹកចិត្ត ដល់បណ្តាអង្គភាពដែលពាក់ព័ន្ធ បានចូលរួមប្រតិបត្តិការពន្លត់អគ្គិភ័យ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់អគ្គិភ័យបានកើតឡើងនៅសិប្បកម្មផលិតពូក មានកម្ពស់ប្រាំមួយជាន់១អគារ បួនជាន់១អគារ រោងសិប្បកម្មធំ១ និងសម្ភារវត្ថុធាតុដើម សម្រាប់ផលិតពូកឆេះអស់ទាំងស្រុង ដែលសរុបមានតម្លៃជាង៣លានដុល្លារអាមេរិក ។ ទីតាំងនេះ មានម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ៦៣ឆ្នាំ ។ ដោយហេតុការនេះកើតឡើងកាលវេលាម៉ោង០១៖២០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យឆេះ មានទីតាំងស្ថិតនៅចំណុចផ្លូវលេខ៨បេតេ កែងផ្លូវ៣បេតេ ក្រុមទី៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ ជ្រោយពេជ្រ