ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចម្រុះជិត១តោន ត្រូវបានអ្នកភូមិប្រទះឃើញកប់ក្នុងរណ្តៅដី នៃតំបន់អតីតសមរភូមិសង្រ្គាមក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចម្រុះប្រមាណជិត១តោន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងរណ្តៅដីមួយកន្លែង នៃតំបន់អតីតសមរភូមិសង្រ្គាមស្ថិតនៅក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែលប្រជាពលរដ្ឋកាប់ឆ្ការព្រៃធ្វើចំការ ។

គ្រាប់យុទ្ធភ័ណ្ឌទាំងនោះរួមមានប្រភេទគ្រាប់បេ៤០.៥ , គ្រាប់មីនតោន, គ្រាប់អាកា, គ្រាប់កាំភ្លើងត្បាល់៨០, គ្រាប់កាំភ្លើងត្បាល់៦០ និងគ្រាប់ដេកា៨២ ។ គ្រាប់ទាំងនោះផងដែរ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ច និងមន្រ្តីជំនាញដោះមីនស៊ីម៉ាកចុះទៅត្រួតពនិត្យ និងបន្តរាវរកប្រមូលយកទៅរក្សាទុកដើម្បីបញ្ចៀសគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុអាក្រក់ណាមួយកើតឡើង ។

ខេត្តបន្ទាយមានជ័យក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះគេមើលឃើញថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់កប់នៅរាយប៉ាយក្នុង និងលើដីតំបន់អតីតសមរភូមិសង្រ្គាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាបន្តបន្ទាប់ហើយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះក៏ត្រូវបានមន្រ្តីជំនាញដោះមីនប្រមូលយកទៅរក្សាទុកកន្លែងសុវត្ថិភាពដើម្បីរង់ចាំបំផ្លាញចោល ។

គ្រាដែលរបាយការណ៍បានបង្ហាញឲ្យដឹងថា កម្ពុជាក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្រ្គាមមានចំនួន៦១នាក់ ដែលចំនួននោះមានការកើនឡើង៣០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានជនរងគ្រោះចំនួនតែ៣១នាក់ប៉ុណ្ណោះ ។

សូមបញ្ជាក់ថាកម្ពុជាទោះបីបញ្ចប់សង្រ្គាមទាំងស្រុងនោះក៏ពិតមែនប៉ុន្តែគ្រាប់មីន និងកាកសំណល់សង្រ្គាមនៅតែមានកប់រាយប៉ាយនៅក្នុង និងលើដីក្នុងតំបន់ដែលមិនទាន់ធ្វើការបោសសំអាតរួចរាល់ដែលជាបញ្ហាប្រឈមបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ។ ជុំវិញបញ្ហានេះកម្ពុជា នៅមានផ្ទៃដីរងនូវការគម្រាម ពីមីន និងគ្រាប់មិនទាន់ផ្ទុះ ប្រមាណ២ពាន់១៤៨គីឡូម៉ែត្រក្រឡា ។ រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែល ធ្វើឲ្យកម្ពុជាអស់ការគម្រាមកំហែងដោយសារមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ៕ សំ វិច្ឆិកា


ចែករំលែក៖