អាជ្ញាធរខេត្តកោះកុង ត្រូវបានប្រជានេសាទរិះគន់ថា មិនយកចិត្តទុកដាក់ទប់ស្កាត់ករណីទូកនេសាទរបស់វៀតណាម និងថៃ ចូលមកបំផ្លាញធនធានធម្មជាតិ ក្នុងដែនសមុទ្រខេត្តកោះកុង យ៉ាងពេញបន្ទុកនោះទេ ។ ជាក់ស្ដែងក្នុងខណៈដែលទូកនេសាទរបស់ជនជាតិវៀតណាម និងសៀមរាប់រយគ្រឿងចូលមកធ្វើសកម្មភាពបំផ្លាញធនធានមច្ឆជាតិក្នុងផ្ទៃសមុទ្រនៃស្រុកគិរីសាគរ និងស្រុកមណ្ឌលសីមា យ៉ាងមហន្តរាយបែរជាលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ប្រភពពីមន្ត្រីរាជការក្នុងសាលាខេត្តកោះកុង បានបង្ហើបឲ្យដឹងថា លោកស្រី មិថុនា ភូថង បានដឹងយ៉ាងច្បាស់ពីអត្តសញ្ញាណមន្ត្រីធំៗដែលជាប់ពាក់ព័ន្ធបទល្មើសនេសាទ ក៏ប៉ុន្តែ ក្នុងនាមជាអភិបាលខេត្ត លោកស្រីមិនចាត់វិធានការទៅលើមន្ត្រីទាំងនោះឡើយ ។
ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានឲ្យដឹងថា ទូកនេសាទរបស់ជនជាតិវៀតណាម និងជនជាតិសៀម រាប់រយគ្រឿងបំពាក់ដោយឧបករណ៍ខុសច្បាប់ចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខេត្តកោះកុង យ៉ាងកំរោល ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីជំនាញ ជាពិសេសខាងរដ្ឋបាលជលផលខេត្តកោះកុង និងប្រធានមន្ទីរកសិកម្មខេត្តកោះកុង ព្រមទាំងសមត្ថកិច្ចយោធា និងនគរបាលការពារដែនសមុទ្រជាអ្នកឃុបឃិតឲ្យទូកនេសាទរបស់ជនជាតិវៀតណាម និងជនជាតិសៀម ចូលបំផ្លាញធនធានមច្ឆជាតិក្នុងដែនសមុទ្រខេត្តកោះកុង យ៉ាងមហន្តរាយ ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានឲ្យដឹងថា មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងសប្បាយប្រមូលលុយពីការឃុបឃិតឲ្យទូកនេសាទរបស់ជនជាតិវៀតណាម និងជនជាតិសៀម ចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខេត្តកោះកុង ។ ប្រភពបានឲ្យដឹងទៀតថា លោក ពុំ សុថា មានឋានៈជាអធិការទូកសមុទ្រដែលមានកប៉ាល់ប្រដេញ២គ្រឿងរហស្សនាម០១ និង០២ គ្រប់គ្រងដោយលោក ស៊ិន ផលគុណ និងលោក ងួន ម៉េង មានស្នាក់ការនៅខេត្តព្រះសីហនុ ជាអ្នកឃុបឃិតឲ្យទូកនេសាទវៀតណាម និងទូកសៀមចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខេត្តកោះកុង ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ឲ្យពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបទល្មើសនេសាទក្នុងដែនសមុទ្រខេត្តកោះកុង កំពុងកើតឡើងយ៉ាងគំហុក ។
បើតាមសេចក្ដីរាយការណ៍ពីប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំកោះស្ដេច ស្រុកគិរីសាគរ បានឲ្យដឹងថា លោកឧត្តមនាវីទោ ឯក សំអាន ជានាយរងបញ្ជាការដ្ឋានលំហសមុទ្រប្រចាំការលើនាវាល្បាតឈរជើងនៅកោះស្ដេច ក៏មានជាប់ពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យទូកនេសាទជនជាតិវៀតណាម និងជនជាតិសៀម ចូលមកបំផ្លាញធនធានមច្ឆជាតិក្នុងដែនសមុទ្រខ្មែរនៅខេត្តកោះកុងដែរ ។ ប្រភពពីប្រជាពលរដ្ឋនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ អាន ស្រៀង អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកទទួលបន្ទុកទិសដែនសមុទ្រខេត្តកោះកុង មាននាវាល្បាតប្រចាំការនៅអង្គភាពវរសេនាតូចលេខ២៦៩ ឃុំប៉ាក់ខ្លង កំពុងសប្បាយប្រមូលលុយពីការឃុបឃិតឲ្យទូកនេសាទវៀតណាម និងសៀម ចូលធ្វើសកម្មភាពក្នុងដែនសមុទ្រខ្មែរយ៉ាងរាលដាល ។ លើសនេះទៅទៀតលោកឧត្តមសេនីយ៍ត្រី យឹម សម្បត្តិ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង និងជាប្រធានស្នាក់ការបង្ក្រាបបទល្មើសនេសាទនានាលើផ្ទៃសមុទ្រ ក៏ជាប់ពាក់ព័ន្ធនឹងការឃុបឃិតបើកដៃឲ្យទូកនេសាទរបស់វៀតណាម និងសៀម ចូលមកបំផ្លាញធនធានធម្មជាតិក្នុងដែនសមុទ្រខេត្តកោះកុង យ៉ាងគឃ្លើនផងដែរ៕