ខេត្តសៀមរាប ៖ ថ្មីៗនេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តដឹកនាំប្រតិភូជាអ្នកវិនិយោគ ផ្នែកវិស័យសាសនា ចុះពិនិត្យមើលនូវទីតាំងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ស្ថិតនៅទំនប់៧៨ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ហើយសម្តេចបានមានព្រះថេរដីកាថា បច្ចុប្បន្ននេះ ទីតាំងនេះ បានរៀបចំដំណើរការដោយមានការជីកធ្វើអាងបារាយណ៍ ដើម្បីជាទីកន្លែងតម្កល់ទឹកសម្រាប់ប្រើប្រាស់ការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករក្នុងសង្កាត់ជ្រាវ និង ឃុំជិតខាងផងដែរ ពិសេសគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព គឺត្រូវផ្សារភ្ជាប់វិស័យសាសនា និង វិស័យកសិកម្មទេសចរណ៍ ហើយគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាពនេះ មិនបានបម្រើដល់បុគ្គលណាឡើង គឺដើម្បីបម្រើជាតិ និង សាសនា ក្នុងគុណប្រយោជន៍ជាតិទាំងមូល។
សម្តេចព្រះអគ្គមហាសង្ឃរាជ មានព្រះថេរដីកាបន្ថែមថា ដោយយោងទៅតាមគម្រោងប្លង់លម្អិត នូវគម្រោងអភិវឌ្ឍន៍ ប្លង់មេមជ្ឈមណ្ឌលវប្បធម៌សន្តិភាព គឺត្រូវផ្តល់ឲ្យមួយវត្តផ្ទៃដីទំហំ១ហិកតា ក្នុងនោះអ្នកវិនិយោគនៃប្រទេសវៀតណាម នឹងនាំយកនូវរូបបដិមា ដែលមានកម្ពស់៤០ម៉ែត្រ មានទម្ងន់៤០តោនធ្វើអំពីថ្ម ដាក់នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងមានការបង្កើតនូវសាលារៀន ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ឧត្តមសិក្សា និង មានទីផ្សារ សណ្ឋាគារ និង មន្ទីរពេទ្យទៀតផង ដូច្នេះ សូមលោកចៅសង្កាត់ ក៏ដូចអ្នកកាន់គម្រោង ត្រូវធ្វើយ៉ាងណាត្រូវតែមានប្រព័ន្ធស្រោចស្រព ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ស្រែរបស់ប្រជាកសិករ ដោយតំបន់សង្កាត់ជ្រាវនេះ បានកំពុងក្លាយជាតំបន់កសិទេសចរណ៍ ដែលជាទីកន្លែងផលិតបន្លែបង្កាគ្មានជាតិគីមី ក្នុងការផ្គត់ផ្គង់នៅក្នុងទីផ្សារក្រុងសៀមរាប តាមសណ្ឋាគារ ភោជនីយដ្ឋាន ដែលបានលើកស្ទួយនូវជីវភាពប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក៏ដូចបណ្តាសង្កាត់ ឃុំជិតខាងផងដែរ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បានអំពាវនាវដល់ជនរួមជាតិ ពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស ចូលរួមជាបច្ច័យ ក្នុងកិច្ចអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ក្នុងគុណប្រយោជន៍ដល់ប្រទេសជាតិកម្ពុជាយើង។
ក្នុងឱកាសនោះដែរ លោក ក្តោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ផ្ទៃដីដែលមានគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស រួមទាំងអាងបារាយណ៍ ក្នុងការបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ ក្នុងសង្កាត់ជ្រាវ និង បណ្តាឃុំជាប់ជាមួយលើការងារបង្កបង្កើនផល ទាំងប្រាំង វស្សាដែលមានផ្ទៃដី ២៨៨ហិកតា ហើយក្នុងការជីកធ្វើបារាយណ៍ ដើម្បីស្តុកទឹកធ្វើការងារបង្កបង្កើនផល គឺមានវិសាលភាពក្នុងការស្រោចស្រពលើផ្ទៃដីស្រែទាំងប្រាំង និង វស្សា បានជាង២០០ហិកតានៅក្នុងតំបន់នោះ៕ ប្រាថ្នា