ខេត្តសៀមរាប៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបើកកិច្ចប្រជុំរដ្ឋ មន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នៅខេត្តសៀមរាប ។
ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន និងដឹកនាំកិច្ចប្រជុំរដ្ឋ មន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេន ដែលរួមមាន ១៖ កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន និង ២៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។
កិច្ចប្រជុំនេះ នឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖ ១. ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព, ២.ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព, ៣. ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក និង៤៖ នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរសរុបប្រមាណ ៣០០នាក់។ កិច្ចប្រជុំ ក៏នឹងពិភាក្សា និងអនុម័តនូវរបៀបវារៈអាទិភាពសំខាន់ៗមួយចំនួនផងដែរ៕ សហការី