ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែងរថយន្តមិនផុត ទាក់ដៃចង្កូតដួលបណ្ដាលឲ្យរថយន្តកិនស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ បើកម៉ូតូល្បឿនលឿន ជែងរថយន្តនៅខាងមុខមិនផុត បណ្ដាលឲ្យទាក់ដៃចង្កូតដួល ធ្វើឲ្យជនរងគ្រោះខ្ទាតចូលក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ នៅវេលាម៉ោង១៦ និង០៦នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ចំណុចខាងមុខយានដ្ឋាន ជាងស្រ៊ុង លើផ្លូវលេខ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ យ៉ង់ សុដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកបរម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-1541 ។ ចំណែករថយន្តម៉ាក GRANTO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3634 បើកបរដោយឈ្មោះ ទួន រ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពាក់ ឃុំត្រពាំងធំ ស្រុកទ្រាំង ខេត្តតាកែវ (ឃាត់ខ្លួន) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិ១១៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះ ក៏បន្ថែមល្បឿន ជែងរថយន្តម៉ាក GRANTO ដែលបើកនៅខាងមុខ ក្នុងទិសដៅស្របគ្នា តែជែងមិនទាន់ផុតផង ម៉ូតូជនរងគ្រោះក៏បានទាក់ដៃចង្កូតជាមួយរថយន្ត បណ្ដាលឲ្យដួល ធ្វើឲ្យជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តខាងក្រោយ ផ្នែកខាងឆ្វេង ត្រូវរថយន្តកិនស្លាប់តែម្ដង ។ ចំណែកអ្នកបើកបររថយន្តបានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ច ស្ទាក់ឃាត់បានទាំងរថយន្តនឹងអ្នកបើកបរ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះវាស់វែង និងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកជែង ខ្វះការប្រុងប្រយ័ត្ន ។

ចំណែកអ្នកបើករថយន្តបើក រត់គេចចេញពីកន្លែងកើតហេតុ ៕ ស្អាងជ័យ


ចែករំលែក៖