ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បើកម៉ូតូឌុបគ្នាល្បឿនលឿន ជ្រុលទៅបុកគូថរថយន្តបើកនៅខាងមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នាដោយល្បឿនលឿន ឈប់មិនទាន់ជ្រុលទៅបុកគូថរយន្តបើកនៅខាងមុខពេញមួយទំហឹង នៅវេលាម៉ោង២៣ និង០៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៧-២៨ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ អឿន បូរី ភេទប្រុស អាយុ១៧ឆ្នាំ បើកបរម៉ូតូម៉ាកHONDA Dream ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HK- 4209 និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ទយ ឆ្អឹង ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល ។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ក៏បានបុកគូថរថយន្តពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ទៀតរងតបួសធ្ងន់ ។ ដោយឡែកភាគីខាងរថយន្ត បន្ទាប់ពីមានហេតុការណ៍រួច ភ្លាមនោះក៏បើករត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មានគ្រោះថ្នាក់ខាងលើ ភ្លាមនោះ ក៏ចុះអន្តរាគមនួពិនិត្យកន្លែងកើតហេតុ ហៅរថយន្តសាមុយដឹកជនរងគ្រោះរបួសធ្ងន់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច វាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖