ព័ត៌មានទាន់ហេតុការណ៍៖

ផ្សិតចំបើងជួយឲ្យប្រជាកសិករ រកចំណូលបានសមរម្យ និងងាយស្រួលរកទីផ្សារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដំណាំផ្សិតចំបើងជួយឲ្យប្រជាកសិករ រកចំណូលបានសមរម្យសំរាប់ទ្រទ្រង់ជីវភាពគ្រួសារ និងងាយស្រួលរកទីផ្សារ សំរាប់លក់ដូរ និងជាដំណាំមួយប្រភេទដែលមិនពិបាករកវត្ថុធាតុដើម ថែមទាំងមានតម្លៃថេរផងដែរ។

លោក តិ វណ្ណៈ ប្រជាកសិករបណ្តុះផ្សិតចំបើងរស់នៅក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រៀបរាប់ថា លោកមានអាជីបជាកសិករបណ្តុះផ្សិតចំបើងនេះ រយៈពេល៣ឆ្នាំមកហើយ ដែលសព្វថ្ងៃនេះ លោកមានរោងបណ្តុះផ្សិតចំនួន៩ ដែលក្នុង១រោងមានរានបណ្តុះផ្សិត៥០ម៉ែត្រក្រឡា។

លោកបញ្ជាក់ផងដែលថា វត្ថុធាតុដើមដែលលោកប្រើនោះមានចំបើង សំបកសណ្តែកបាយ កំប្លោក ដើមចេក កន្ទក់បណ្តុះផ្សិត និងមេផ្សិតផងដែរ។ ដែលដំណាំផ្សិតនេះ ប្រជាកសិករត្រូវមានបច្ចេកទេសបណ្តុះត្រឹមត្រូវ ទៅតាមការបណ្តុះបណ្តាល និងថែទាំទៅតាមអាកាសធាតុផងដែរ ហើយត្រូវប្រើរយៈពេលបណ្តុះ១៣ទៅ១៤ថ្ងៃទើបប្រមូលផល ហើយ១រោង ដែលមានផ្ទៃរាន៥០ម៉ែត្រក្រឡា ត្រូវចំណាយដើមទុនអស់ប្រមាណ៣០ម៉ឺនរៀល ហើយប្រមូលផលមកវិញគិតជាមធ្យមប្រមាណ១លាន២សែនរៀល ផលផ្សិតល្អប្រមូលបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បានចាប់ពី១០០ទៅ១២០គីឡូក្រាម ទៅតាមសុខភាពរបស់ផ្សិតផងដែរ។

លោកបញ្ជាក់ថា មុខរបរដាំផ្សិតចំបើង អាចធ្វើឲ្យគ្រួសាររបស់លោកមានជីវភាពសម្យរម្យអាចផ្គត់ផ្គង់ថ្លៃកូនសិក្សា ទ្រទ្រង់ជីវភាពគ្រួសារ ទទួលបានប្រាក់ចំណូលបានច្រើនជាង ដែលលោកធ្លាប់ធ្វើជាពលករធ្វើការនៅប្រទេសជិតខាងនាពេលកន្លងមក និងអាចរស់នៅជួបជុំក្រុមគ្រួសារបាន ហើយថែមទាំងសល់ថវិកាមួយចំនួនសំរាប់ដាក់កុងសន្សំក្នុងធានាផងដែរ។

ស្រដៀងគ្នានេះដែរ លោកស្រី អៀង មុំ ជាប្រជាកសិករបណ្តុះផ្សិតចំបើង រស់នៅក្នុងភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរីរៀបរាប់ថា លោកស្រីមានរោងបណ្តុះផ្សិត ចំនួន៥រោង។ ដែល១រោងមានទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ ដែលអាចដាក់រានបណ្តុះផ្សិតបានផ្ទៃ៥០ម៉ែត្រក្រឡា ចំណាយដើមទុនអស់ប្រមាណ៤លាន៥សែនរៀល។ លោកស្រីបញ្ជាក់ថាចំពោះតម្លៃទីផ្សាររបស់ផ្សិតចំបើងនេះល្អហើយថេរឲ្យតែមានគឺម៉ូយមកយកដល់កន្លែងអស់ៗតែម្តង ដែលក្នុង១គីឡូក្រាមផ្សិតក្រពុំល្អតម្លៃ១២០០០រៀល ហើយក្នុងផ្សិតចាយក្នុង១គីឡូក្រាមតម្លៃ៨០០០ពាន់រៀលផងដែរ៕ នីមវណ្ណា


ចែករំលែក៖