ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាក បុកអ្នកជិះម៉ូតូស្លាប់ និងរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល ដោយសាររថយន្តបើកបរមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និងលេខ១៥៤ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ បាក់ ចាន់ អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបកម្មករសំណង់ និងអ្នករួមដំណើរមានឈ្មោះ នួន ពិសី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងឈ្មោះលួង ពិសាល អាយុ២០ឆ្នាំជាតិខ្មែរ មុខរបរកម្មករសំណង់ អ្នកទាំង៣ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយបង្កហេតុ បានបើកគេចខ្លួនភ្លាមៗ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CN-៣៥២១ ជិះគ្នា៣នាក់ក្នុងទិសដៅពីកើតមកលិច ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក)ពីលិចទៅកើត បញ្ច្រាសគ្នាមិនប្រកាន់ស្ដាំក៏បុកពេញទំហឹងបណ្តាលឲ្យដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃប្រណីខ្មែរ ចំណែកអ្នករងរបួសទាំង២នាក់បញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែស្វាយរៀង ។

រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចវាស់វែង និអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖