ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី២នាក់បងប្អូនត្រូវខ្សែភ្លើងឆ្លងចរន្តឆក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកខកសាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្តី២នាក់ដែលជាបងប្អូននឹងគ្នា បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារឆ្លងចរន្តអគ្គិសនី ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់មានគ្នា២នាក់ ទី១.ឈ្មោះ ឌឹម ឌី ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី២.ឈ្មោះ ឌឹម ឌៀប ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ស្ត្រីរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅមុនថ្ងៃកើតហេតុក្រុមគ្រួសារជនរងគ្រោះ បានយកខ្សែភ្លើងភ្ជាប់ជាមួយក្បាលអំពូលភ្លើង មកដាក់លើសង្ក័សីជញ្ជាំងរោងគោនៅខាងក្រោយចំហៀងខាងជើងផ្ទះ ។ លុមកដល់កើតហេតុ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះឈ្មោះ ឌឹម ឌៀប បានទៅដងទឹកលាងជើងនៅជិតសង្ក័សីជញ្ជាំងរោងគោ ឯក្បាលរបស់ឈ្មោះ ឌឹម ឌៀប បានប៉ះនឹងសង្ក័សី ខណៈនោះ ដំណរខ្សែភ្លើងក្បាលអំពូល ដែលមានចរន្តអគ្គិសនីបានឆ្លងតាមស័ង្កសី បណ្ដាលឲ្យឆក់ស្ត្រីរងគ្រោះឈ្មោះ ឌឹម ឌៀប បណ្តាលឲ្យដួលផ្ងារលើសង្ក័សីជញ្ជាំងរោងគោ ខណៈនោះ ស្រ្តីរងគ្រោះឈ្មោះ ឌឹម ឌី ត្រូវជាបងស្រី ក៏បានចូលទៅជួយ ដោយចាប់ទាញដៃឈ្មោះ ឌឹម ឌៀប ក៏បណ្តាលឲ្យឆក់ចរន្តអគ្គិសនីដួលទៅលើដីទាំងអស់គ្នា ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង មកជួយដោយនាំគ្នាបិតបារ៉ែតភ្លើង រួចលើកជនរងគ្រោះទាំងពីរនាក់មកធ្វើចលនាសង្គ្រោះ តែជាអកុសល ជនរងគ្រោះទាំងពីរនាក់បានស្លាប់បាត់ទៅហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមគ្រួសារស្ត្រីរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចគរបាលប៉ុស្តិ៍ពុកឬស្សី ដើម្បីមកពិនិត្យកោសល្យវិច្ច័យ ។ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏រាយការណ៍បន្តទៅ នគរបាលជំនាញស្រុកចុះពិនិត្យឃើញថា សាកសពឈ្មោះ ឌឹម ឌៀប និងឈ្មោះ ឌឹម ឌី ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់សាកសពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖