ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនជ្រុលបុករង្វង់មូលព្រហ្ម បាក់បង្គោលភ្លើង១ដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តចុះពីលើស្ពានជ្រោយចង្វា យ៉ាងលឿនបួងចង្កូតមិនទាន់ជ្រុលបុកឡើងរង្វង់មូលព្រហ្ម បណ្ដាលឲ្យបាក់បង្គោលភ្លើង១ដើមរាបដល់ដី តែមិនមានអ្នករបួស ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំនុចរង្វង់មូលព្រហ្ម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តហ្វតរ៉េនជ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD- 8882 ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វា ពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បួងចង្កូតមិនទាន់បានជ្រុលបុកឡើងសួនរង្វង់មូល ព្រហ្មបណ្ដាលរងការខូចខាត និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម ភ្លាមៗនោះ ម្ចាស់រថយន្តក្រោយពីបង្កហេតុបានចុះពីរថយន្តឡើងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតគេចខ្លួនបាត់បន្សល់ទុករថយន្តចោលកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ រួចក៏ទាក់ទងទៅជំនាញចរាចរណ៍ចុះមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ស្នងការាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់ចូលមកដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖