នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ មេចលនាយុវជនកោះហុងកុង និងជាមេបាតុករឆត្រ លោក ចូសហ្វ័រ វ៉ុង (Joshua Wong) ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃសុក្រនេះ មុនបាតុកម្មដែលគ្រោងនឹងធ្វើឡើងជាថ្មី នៅចុងសប្ដាហ៍នេះ តែវាមិនមែនជាលើកទីមួយឡើយដែលមេបាតុករ វ័យក្មេងរូបនេះត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ។ យោងតាមគណបក្ស ដេម៉ូស៊ីស្តូ (Demosisto) ត្រូវបានប៉ូលិសចាប់បញ្ចូលក្នុងរថយន្ដមួយគ្រឿង ខណៈកំពុងធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើង South Horizons MTR ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានបង្ហោះលើ Twitter គណបក្ស Demosisto បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គលេខាធិការគណបក្សរបស់យើង លោក Joshua Wong ត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោង ៧៖៣០នាទីព្រឹកមិញនេះ កំឡុងពេលដើរទៅកាន់ស្ថានីយរថភ្លើង South Horizons MTR ហើយត្រូវបានគេចាប់បង្ខំបញ្ចូលក្នុងរថយន្ដមួយគ្រឿង» ។ ប៉ុន្តែខាងប៉ូលិសក្រុងហុងកុង មិនទាន់ធ្វើអត្ថាធិប្បាយណាមួយឡើយទេ ។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក Joshua Wong ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ដោយលោកទើបតែត្រូវបានដោះលែង ឲ្យមានសេរីភាពវិញកាលពីខែមិថុនាកន្លងទៅនេះ ក្រោយជាប់ឃុំអស់រយៈពេលជាង ៥សប្ដាហ៍ ពីបទនិយាយប្រមាថដល់តុលាការ ។ ម្យ៉ាងវិញទៀត គោលចម្បងរបស់មេបាតុករវ័យក្មេងរូបនេះគឺ «ប្រជាជនហុងកុង ត្រូវជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯង មិនមែនមន្ត្រីគណបក្សកុម្មុយនីស្ដចិន ជាអ្នកសម្រេចជួសនោះទេ» ។
ការចាប់ខ្លួននោះអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងហើយបាតុកម្មនៅតែបន្តកើនឡើង បើទោះបី កម្លាំងសន្តិសុខរឹតបន្តឹងនឹងព្រមានប្រើប្រាស់កម្លាំងបង្ក្រាបបាតុករក្តី ៕