ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តមិនយកកម្រៃសេវាចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រយៈពេល០២ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករនឹងទទួលបានសេវានេះភ្លាម។
សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងទៀតថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ-កម្មការិនីនោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតជាគោលការណ៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តមិនយកកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រយៈពេល០២ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបានសេវានេះភ្លាម ។
សូមជម្រាបថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវារយៈពេល០២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ៕