ខេត្តសៀមរាប ៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានបុគ្គល៣ នាក់ ចាក់ដីលុបយ៉ាងគឃ្លើន ក្នុងករណីខាងលើនេះ ប្រសិនបើ បុគ្គលទាំងនោះមិនអនុវត្តន៍តាមសេចក្តីជូនដំណឹង គឺអាជ្ញាធរជាតិអប្សរាចាំបាច់ត្រូវតែប្តឹងទៅតុលាការ ។
ពលរដ្ឋដែលរស់នៅទីនោះតាំងពីសង្គមចាស់មកបានថ្លែងថា បញ្ហាត្រពាំងហែផ្កា គឺពួកគាត់បានជួយថែរក្សាមកពីដូនតា ដោយគ្រាន់តែអាស្រ័យផលដាំដំណាំខ្លះៗប៉ុណ្ណោះ ចំពោះអ្នកលុបត្រពាំងនោះ គឺជាបុគ្គលចំណូលថ្មី ហើយអាជ្ញាធរ គួរតែមានវិធានការផង ព្រោះពលរដ្ឋនៅជុំវិញនេះ មានរហូតដល់ទៅជាង៤០គ្រួសារបាននាំគ្នាថែរក្សាមិនឲ្យបាត់បង់នោះឡើយ ។
មន្ត្រីជំនាញបច្ចេកទេសអាជ្ញាធរអប្សរា ថ្លែងបែបនេះ គឺបន្ទាប់ពីមានបុគ្គលមួយរូប បានចាក់ដីលុបត្រពាំង និងទីទួលបុរាណដ្ឋាន ហើយត្រូវបានអង្គភាពអាជ្ញាធរជាតិអប្សរា ជូនដំណឹងឲ្យរុះរើ និងកាយយកអាចម៍ដីចេញពីត្រពាំងបុរាណវិញ ។
លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងតាមទូរស័ព្ទថា ជុំវិញការឈូសឆាយសាងសង់ និង ចាក់ដីលុបត្រពាំងបុរាណឈ្មោះ(ត្រពាំងហែផ្កា) ដែលស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នៃក្រុងសៀមរាបនេះ អាជ្ញាធរអប្សរាបានជូនដំណឹងដល់បុគ្គលពីររូបរួចហើយ (នៅសល់ម្នាក់ទៀតមិនទាន់ចេញ)ឲ្យរុះរើរបង សំណង់ និងកាយយកអាចម៍ដីចេញពីបាតត្រពាំងវិញ ។ លិខិតជូនដំណឹងនោះ គឺបានកំណត់ថ្ងៃខែច្បាស់លាស់ហើយសម្រាប់អ្នកប្រព្រឹត្តិ ក្នុងនោះរួមមាន ទី១ឈ្មោះឈិត សុឌាំង និងទី២គឺអ្នកស្រី ពុម សុគន្ធា ចឹងទេខាងលោករំពឹងថា ពួកគាត់និងអនុវត្តតាមសេចក្តីជូនដំណឹងដូចការកំណត់ ប៉ុន្តែប្រសិនដល់ថ្ងៃកំណត់ ពួកគាត់មិនអនុវត្តទេ អាជ្ញាធរអប្សរានឹងប្តឹងទៅតុលាការ ។
លោកបន្តថា ការចាក់ដីរំលោភយកត្រពាំង ការធ្វើរបងហ៊ុមព័ទ្ធទីទួលបុរាណដ្ឋាន អាជ្ញាធរអប្សរានឹងចាត់វិធានការផ្លូវច្បាប់ទាំងអស់ ព្រោះវាជាសម្បត្តិបេតិកភណ្ឌជាតិ ។ តែយ៉ាងណាគេរំពឹងថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំក្រុងនិងខេត្ត នឹងមានវិធានការយ៉ាងជាក់លាក់ ត្បិតទីតាំងខាងលើ ក្រៅពីត្រពាំងនិងទីទួលបុរាណដ្ឋាន វាក៏ជាដែនគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាបផងដែរ ៕ ប៊ុនរិទ្ធី