ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាថ្នាំក្លែមសាច់ឆ្កែ ដេញចាក់ស្លាប់ម្នាក់ សមត្ថកិច្ចចាប់ខ្លួន៣នាក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីមនុស្សមួយក្រុមបាននាំគ្នាផឹកស្រាថ្នាំក្លែមសាច់ឆ្កែទាស់ពាក្យសម្តីគ្នារហូតបង្កជម្លោះឈានទៅដល់តាមចាក់សម្លាប់កម្មករសំណង់ម្នាក់ដេកដួលស្លាប់ក្នុងថ្លុកឈាម នៅតាមផ្លូវ ហើយជនបង្កបាននាំគ្នាព្យាយាមគេចខ្លួនតែត្រូវលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់៣នាក់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវលំក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ យឿន ជឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

តាមសម្តីបុរសឈ្មោះរិច ចាន់ណា អាយុ៣៨ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ជាមួយជនរងគ្រោះមានស្រុកកំណើត ភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈដែលសមត្ថកិច្ចហៅនាំទៅសាកសួរ ក្នុងចំណោមគ្នា៤នាក់នោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ក៏នៅក្នុងវង់ផឹកសុីដែរ សរុបគ្នា៦នាក់រួមទាំងជនរងគ្រោះផង ទៅផឹកស្រាថ្នាំ ក្លែមសាច់ឆ្កែ នៅតូបអ្នកលក់ ក្នុងភូមិព្រៃល្វា តាំងពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា លុះដល់វេលាម៉ោង៥ល្ងាច ជជែកលេងក្នុងវង់ផឹក ក៏មានគងសម្តី ជនរងគ្រោះ យឿន ជឿន បញ្ចេញកម្លាំងបាយ វាយ កម្មករម្នាក់ក្នុងវង់ ហើយក៏ស្ងប់ស្ងាត់ទៅវិញ នៅតែផឹកបន្ត លុះដល់វេលាម៉ោង៧និង៥០នាទីយប់ ចែកផ្លូវគ្នា ចាកចេញរៀងខ្លួន ជនរងគ្រោះជិះម៉ូតូមួយគ្រឿងមកតាមផ្លូវភូមិចោមចៅ២ ត្រូវបានជនដៃដល់ ជាអ្នកផឹកក្នុងវង់ជាមួយគ្នាដេញតាម មកដល់ចំណុចខាងលើ ប្រដាប់ដោយកាំបិត ចាក់លើជនរងគ្រោះ បណ្តាលឲ្យស្លាប់តាមផ្លូវតែម្តង ។

ក្រោយពីហៅមនុស្សក្នុងវង់ផឹកសុី៤នាក់ ក្រោមវត្តមានលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ដឹកនាំស្រាវជ្រាវផ្ទាល់ជុំវិញករណីខាងលើ នៅប៉ុស្តិ៍ចោមចៅ២ ឈានដល់រកមុខជនដៃដល់និងបក្ខពួក ទី១ ឈ្មោះ ខឹម សុផល ហៅ ងុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាជនដៃដល់ចាក់ផ្ទាល់ដៃ ។ ទី២ ឈ្មោះ លត សារិទ្ធ ហៅតុញ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ សំណង់ ស្នាក់នៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ ឈ្មោះ ចាប លាង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចោមចៅ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ណោះអាសន្នរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖