ខេត្តសៀមរាប៖ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី បានធ្វើដំណើរមកទស្សនកិច្ចផ្ទះរបស់ប្រជាជនកម្ពុជាមួយកន្លែង ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ដើម្បីត្រួតពិនិត្យទៅលើអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីគម្រោង «ទឹកជាជីវិត» របស់អង្គការអន្តរជាតិសិង្ហបុរី (SIF) នៅក្នុងខេត្តសៀមរាប។
ទស្សនកិច្ចនេះធ្វើឡើងក្រោយពីគម្រោងត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១០ ក្នុងខេត្តសៀមរាប គម្រោងនេះ បានធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១២ និងវិលទៅកាន់ខេត្តសៀមរាបវិញ ក្នុងឆ្នាំ២០១៧។ មកទល់ពេលនេះ កម្មវិធីទឹកជាជីវិត បានផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជាជាង ៧ម៉ឺននាក់ នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក និងបានធ្វើឲ្យសុខភាពរបស់ពួកគាត់កាន់តែល្អប្រសើរឡើង តាមរយៈវគ្គសិក្សាពីអនាម័យជាមូលដ្ឋាន។
លោក Gan មានប្រសាសន៍ថា៖ «សិង្ហបុរី និងកម្ពុជា គឺជាដៃគូក្នុងតំបន់យ៉ាងជិតស្និទ្ធិ ហើយចំណងមិត្តភាពរបស់យើងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា បានកំពុងតែរីកចម្រើនឥតឈប់ឈរ។ គម្រោងផ្សេងៗដូចជា កម្មវិធីទឹកជាជីវិតរបស់ SIF គឺជាគំរូដ៏ល្អមួយដែលបង្ហាញរបៀបដែលប្រជាជនសិង្ហបុរី និងកម្ពុជា អាចធ្វើការជាមួយគ្នាបាន។ គម្រោងនេះ មានគោលបំណងក្នុងការផ្តល់ឲ្យសហគមន៍នៅតាមជនបទ បន្តមានភាពងាយស្រួលក្នុងការទទួលបានសេវាអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាត ក៏ដូចជាបរិស្ថានរស់នៅប្រកបដោយអនាម័យនៅត្រឹមឆ្នាំ២០២៥។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សិង្ហបុរី ក៏បន្តចូលរួមជាចំណែកក្នុងដំណើរឆ្ពោះទៅកាន់កិច្ចខិតខំប្រឹងប្រែជាសកល ផងដែរ ដូចជា កម្មវិធីគោលដៅអភិវឌ្ឍជានិរន្តរភាពចំនួន១៧ ដោយកម្មវិធី២ក្នុងចំណោមនោះ មានគោលបំណងជួយឲ្យមានសុខភាព និងសុខុមាលភាពល្អ ក៏ដូចជាមានភាពងាយស្រួលជាសកលក្នុងការទទួលបានទឹកស្អាត និងមានអនាម័យ សម្រាប់ទាំងអស់គ្នានៅត្រឹមឆ្នាំ២០២០»។
ជិតមួយភាគបួននៃអត្រាប្រជាជនកម្ពុជាសរុបចំនួន ១៥,៦លាននាក់ មិនមានទឹកស្អាតប្រើប្រាស់ឡើយ។ ប្រទេសកម្ពុជា ក៏មានអត្រាមរណៈរបស់កុមារខ្ពស់ជាងគេបំផុតប្រចាំតំបន់អាស៊ីផងដែរ ហើយការស្លាប់ភាគច្រើនរបស់កុមារតូចៗទាំងនេះ អាចបណ្តាលមកពីជំងឺដែលបង្ករក្នុងទឹកដូចជា ជំងឺរាគរូស ជំងឺរលាកថ្លើមប្រភេទ A និងជំងឺគ្រុពោះវៀន។ ការសិក្សាជាច្រើន បានបង្ហាញថា ឧបករណ៍ចម្រោះទឹកដោយដីខ្សាច់ ដែលជាប្រព័ន្ធចម្រោះទឹកស្អាត ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធី ទឹកជាជីវិត មានប្រសិទ្ធិភាពក្នុងការកម្ចាត់បាក់តេរីបង្ករោគបានវច្រើនជាង៩០% និងប៉ារ៉ាស៊ីត បាន១០០%។ កម្មវិធី ទឹកជាជីវិត របស់អង្គការអន្តរជាតិសិង្ហបុរី ត្រូវបានដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១០ ក្នុងស្រុកសូទ្រនិគម និងប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ក្នុងពេលគម្រោងនេះបានបិទបញ្ចប់នៅឆ្នាំ២០១៤ អ្នកស្ម័គ្រចិត្តចំនួន៤៦០នាក់របស់អង្គការអ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) បានដំឡើងឧបករណ៍ចម្រោះទឹកស្អាតចំនួន ២៦៥០ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ១៧០០០នាក់។
ការដំឡើងឧបករណ៍ចម្រោះទឹកស្អាតនេះ បានជួយកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺក្នុងទឹកបានចំនួន ៨៥%។ នៅចន្លោះឆ្នាំ២០១២ ដល់ ២០១៧ អ្នកស្ម័គ្រចិត្តមកពីអង្គការដដែលច្រើនជាង ៤០០នាក់ ក៏បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តក្នុងឃុំចំនួន១២ នៅខេត្តកំពង់ស្ពឺផងដែរ ក្នុងការដំឡើងឧបករណ៍ចម្រោះទឹកស្អាតដោយដីខ្សាច់ ចំនួន ១៧៥០ ដើម្បីផ្តល់ទឹកស្អាត និងមានសុវត្ថិភាពក្នុងការផឹក វគ្គសិក្សាពីអនាម័យជាមូលដ្ឋាន និងការជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដល់ប្រជាពលរដ្ឋតាមភូមិចំនួន ៤៤០០០នាក់។ កាលពីខែកញ្ញា ឆ្នាំ២០១៧ អង្គការអន្តរជាតិសិង្ហបុរី (SIF) បានចាប់ផ្តើមដំណើរការគម្រោង ទឹកជាជីវិត ទី២របស់ខ្លួន ក្នុងខេត្តសៀមរាប។ គម្រោងដែលមានរយៈពេល៤ឆ្នាំមួយនេះ មានគោលបំណងក្នុងការផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជាចំនួន ៩ពាន់នាក់ ដែលរស់នៅតាមស្រុក ជីក្រែង និងស្វាយលើ ក្នុងខេត្តសៀមរាប មានភាពងាយស្រួលក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ និងជួយផ្តល់ចំណេះដឹងផ្នែកអនាម័យជាមូលដ្ឋានដល់ពួកគាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺផ្សេងៗដែលបង្ករដោយទឹក៕ វឌ្ឍនា