ដោយការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ននេះ ការបង្ហោះរូប ក៏ដូចជាការឡាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកមានច្រើនប្រភេទ ។ មានអ្នកឡាយវីដេអូលក់ឡេ, លក់សម្លៀកបំពាក់, ឡាយវីដេអូបង្ហោះព័ត៌មាន និងជាពិសេសឡាយពិធីបុណ្យផ្សេងៗ និងការឡាយវីដេអូរបស់ព្រះសង្ឃដែលសម្តែងធម៌ទេសនាទៀតផង ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំបាទ គឺកម្មវិធីទេសនាដែលនិយាយអំពីធម៌អាថ៌ ត្រូវក្លាយជាវេទិកាជេរឌឺដង របស់ក្រុមព្រះសង្ឃដែលយកហ្វេសប៊ុកវាយប្រហារគ្នា ។ សាច់ធម៌នៅក្នុងវេទិកាទេសនាមានតិចតួចបំផុត ប៉ុន្តែវាជាវេទិកានៃការឌឺដងជេរគ្នា ដែលមិនពិរោះស្តាប់ និងមិនមែនជាកម្មវិធីទេសនាឲ្យពិតប្រាកដនោះឡើយ ។
ព្រះសង្ឃមួយអង្គដែលតែងតែញៀននឹងការឡាយវីដេអូ ក្នុងកម្មវិធីទេសនានានា ខ្ញុំបាទសង្កេតឃើញថា មិនបានយកធម៌អាថ៌ជាការអប់រំមនុស្សមកសម្តែងឲ្យពុទ្ធបរិស័ទបានយល់ អំពីអ្វីដែលជាពុទ្ធឱវាទសម្រាប់ឲ្យពុទ្ធបរិស័ទផ្តល់ជាចំណេះដឹងនោះទេ ប៉ុន្តែ នៅក្នុងកម្មវិធី ដែលទេសនាមួយម៉ោង ឬជាងមួយម៉ោង ជាវេទិកានៃការបញ្ចេញរឿងរ៉ាវកំហឹងផ្ទាល់ខ្លួន ជេរដៀមដាមអ្នកនេះ អ្នកនោះ សង្ឃអង្គនេះ សង្ឃអង្គនោះ, យាយនេះ មុខខ្មៅ យាយនោះមុខកញ្ចាស់… ដែលនេះជាវេទិកានៃការជេរបង្កប់នៅក្នុងកម្មវិធីទេសនា ។ នៅពេលដែលលោកមានសង្ឃដីកា ចង្អុលទៅយាយនេះ យាយនោះ មុខខ្មៅ មុខជាំ បែរជាលោកយាយ លោកតា អ្នកអង្គុយស្តាប់ធម៌ទេសនាសើចសប្បាយទៅវិញ ។ ដូច្នេះហើយ វាជាការលើកទឹកចិត្តឲ្យកម្មវិធីទេសនាក្លាយទៅជាកម្មវិធីជេរដៀមដាម ក្រៅតែពីសម្តៅទៅលើយាយតានៅក្នុងរោងបុណ្យ ក៏បានដៀមដាមដល់ព្រះសង្ឃផ្សេងទៀតផងដែរ ។
ព្រះសង្ឃមួយអង្គទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋាននានា ដែលមានថ្នាក់ដឹកនាំដូចជាលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, អ្នកចំរៀង ម៉េង កែវពេជ្ជតា… ប៉ុន្តែព្រះសង្ឃអង្គនោះមិនបានកែប្រែនូវឥរិយាបថរបស់ខ្លួននោះទេ ផ្ទុយទៅវិញ នៅតែបន្តយកកម្មវិធីទេសនាតាមរោងបុណ្យនានា ដែលបានលុយច្រើន ធ្វើជាវេទិកាវាយប្រហារ សង្ឃគ្នាឯង និងជួនកាលដៀលប្រមាថយាយៗ តាៗក្នុងរោងបុណ្យនោះទៀតផង ។ បើទោះជាយ៉ាងណាក៏ដោយគេកត់សម្គាល់ឃើញថា ប្រជាពុទ្ធបរិស័ទមួយចំនួន នៅតែមានទំនុកចិត្តដោយបន្តនាំគ្នានិមន្តព្រះសង្ឃអង្គនោះមកទេសនាមិនដាច់ ដូច្នេះ វាធ្វើឲ្យវេទិកានៃការជេរប្រទេចពេញនិយមជាងការសម្តែងធម៌ទេសនានោះទៅវិញ ។ មានន័យថា ពុទ្ធបរិស័ទចូលចិត្តការជេរប្រទេចរបស់ព្រះសង្ឃដែលទេសនានោះ ទើបបានជាបន្តនាំគ្នា និមន្តព្រះសង្ឃឲ្យមកជេរប្រទេចនៅក្នុងកម្មវិធីបុណ្យរបស់ខ្លួន ។ បើម្ចាស់ដើមបុណ្យមិននិមន្តសង្ឃដែលពូកែជេរប្រទេចនោះទេ នោះមានន័យថា សង្ឃអង្គនោះមុខជាដាច់បាយហើយ ។
យ៉ាងណាក៏ដោយ តាមយោបល់ខ្ញុំបាទ ក្រសួងធម្មការ និងសាសនា គួរតែអប់រំណែនាំចំពោះព្រះសង្ឃដែលយកវេទិកានៃកម្មវិធីទេសនាមកជេរប្រមាថយាយតា ក៏ដូចជាដៀមដាមឲ្យសង្ឃដទៃ ។ ឬមួយក៏ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាយល់ថា កម្មវិធីទេសនាដែលមិនមាននិយាយពីរឿងធម៌អាថ៌ ប៉ុន្តែសម្បូរដោយការជេរប្រមាថ គឺជារឿងត្រឹមត្រូវ..? បើយ៉ាងដូច្នេះ គួរតែចេញប្រកាសផ្សព្វផ្សាយលើកទឹកចិត្តដល់បុគ្គលជាសង្ឃបំពាក់មេដាយជូនចំពោះបុគ្គលដែលបានយកវេទិកាទេសនាវាយប្រហារគេឯងនោះទៅ ។ ប៉ុន្តែប្រសិនបើយល់ថា ការសម្តែងធម៌ទេសនារបស់បុគ្គលក្នុងព្រះពុទ្ធសាសនាមួយចំនួនមិនសមរម្យទេ គួរតែហៅទៅណែនាំ អប់រំ…ដើម្បីកុំឲ្យមានបញ្ហានៃការជាន់ឈ្លីចំពោះសាសនារបស់ខ្លួន ។ ច្បាស់ណាស់ថា វេទិការបស់បុគ្គលជាសង្ឃជេរប្រមាថអ្នកចូលរួមស្តាប់ធម៌ទេសនា និងដៀមដាមអ្នកដទៃធ្វើឲ្យអាប់កិត្តិយស ឬនិយាយឲ្យខ្លីខូចដល់ព្រះពុទ្ធសាសនា ។ ដូច្នេះ បើអាច ក្រសួងធម្មការ និងសាសនាជួយកែសម្រួលផង ៕ ប្រជាពលរដ្ឋម្នាក់