ខេត្តកណ្តាល៖ ព្រោះតែរឿងចតម៉ូតូបិទផ្លូវចេញចូលបានបង្កើតទៅជាទំនាស់ រហូតឈានដល់យុវជន៣នាក់បងប្អូន ព្រួតគ្នាវាយទៅលើបុរសម្នាក់ដោយអង្រែបុកគ្រឿង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឥ្យមានការភ្ញាក់ផ្អើល កាលពីវេលម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ឈានដល់បង្រ្កាបចាប់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯជនរងគ្រោះរងរបួសបែកក្បាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីដេរមុខរបួស ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ គុយ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ រីឯបក្ខពួក២នាក់ទៀតនោះទី១-ឈ្មោះ គុយ វ៉ាន់ឌុក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ ទី២-ឈ្មោះ គុយ វ៉ាន់ឌូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ ។ ជនសង្ស័យទាំង៣នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ។ ចំណែកឯជនរងគ្រោះឈ្មោះ សំ ចាន់នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រងរបួសបែកក្បាល បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីធ្វើសំណង់វិញ ស្រាប់តែប្រទះឃើញម៉ូតូចតបិទផ្លូវ ។ ឃើញដូច្នេះជនរងគ្រោះក៏ស្រែកថា “ម៉ូតូអាណាគេចតបាំងផ្លូវអញ..?” ភ្លាមនោះជនសង្ស័យឈ្មោះ គុយ វ៉ាន់ឌុក ក៏បានស្រែកតបវិញពីក្នុងបន្ទប់ជួលថា “ម៉ូតូអញ” ។ ពាក្យតបតនេះបានធ្វើឲ្យជនរងគ្រោះ និងជនសង្ស័យឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងឈានដល់ប្រតាយប្រតបគ្នាទៅវិញទៅមក ។ ឃើញដូច្នេះជនសង្ស័យ២នាក់ដែលត្រូវជាបងប្អូននឹងគ្នាបានស្ទុះចេញមកចាប់ជនរងគ្រោះ ឲ្យជនសង្ស័យឈ្មោះ វ៉ាន់ឌុក វាយដោយអង្រែបុកគ្រឿង បណ្តាលឲ្យរងរបួសបែកក្បាលតែម្តង ៕ស្អាងជ័យ