ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែងខ្វះការប្រុងប្រយ័ត្នប៉ះដៃចង្កូតដួលទៅលើផ្លូវត្រូវរថយន្តធុនធំកិនស្លាប់ និងរបួស៣នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បើកម៉ូតូឌុបគ្នា២នាក់បោះពួយយ៉ាងលឿនឡើងជែងរថយន្តនៅខាងមុខក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យប៉ះដៃចង្កូតដួលបោកទៅលើផ្លូវត្រូវរថយន្តបើកច្រាស់ទិសគ្នាបើកកិនពីលើអ្នកបើកបរម៉ូតូបាត់បង់ជីវិត រីឯអ្នករួមដំណើរជាមួយ២នាក់រងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២ ខែកញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងជើងស្ពានព្រែករស់(ស្ពានលេខ៧០) ស្ថិតនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សាន ប៊ុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាល 1AF-7227 ។ ចំណែកឯអ្នករួមដំណើរ២នាក់នោះ ទី១-ឈ្មោះ មាន ម៉ុន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ រងរបួសស្រាល ទី២-ឈ្មោះ បាន គី ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរកម្មករ សំណង់ រងរបួសស្រាល មានទីលំនៅ ភូមិ/ឃុំ ជាមួយគ្នា ។ ចំណែកឯរថយន្តម៉ាកHINO ពណ៌ សលាយប្រផេះ មានសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3B-2643 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AF-7227 មានកញ្ចក់ អត់មួកបើកបរតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង (ជ្រៃធំទៅតាខ្មៅ) ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូព្យាយាមបើកជែងរថយន្តបើកនៅខាងមុខ ខណៈជែងមិនផុតបានប៉ះដៃចង្កូត បណ្តាលឲ្យដួលទៅលើផ្លូវក៏ត្រូវរថយន្តម៉ាកHINO ដែលបើកបរច្រាស់ទិសកិនពីលើអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង ដកហូតវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ។ ចំណែកសព សមត្ថកិច្ចបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖