តាមកិច្ចព្រមព្រៀង ជាមួយក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាមេរិក នឹងដកទាហាន ក្នុងពេលដ៏ខ្លីខាងមុខ ។ ប៉ុន្តែការវាយប្រហារនៅតែបន្តកើតមានក្នុងទឹកដីអាហ្វហ្គានីស្ថាន បង្កក្តីបារម្ភយ៉ាងខ្លាំង ។
មន្ត្រីចរចាជាន់ខ្ពស់អាមេរិក លោក ហ្សាល់ម៉េយ ខាលីលហ្សាដ (Zalmay Khalilzad) បង្ហើបពីគម្រោងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ តូឡូ (Tolo) នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីបានធ្វើបទសង្ខេបពីកិច្ចព្រមព្រៀង ប្រាប់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក Khalilzad ក៏បានបញ្ជាក់ដែរថា ការអនុម័តចង់ក្រោយនៃកិច្ចព្រមព្រៀងនេះ គឺអាស្រ័យទៅលើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។
គួរជម្រាបថា គ្រាន់តែបទសម្ភាសន៍របស់លោក Zalmay Khalilzad ចាប់ផ្ដើមផ្សាយផ្ទាល់ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយបានកើតឡើងភ្លាមៗ ដោយផ្ដាច់ជីវិតមនុស្ស ០៥នាក់ និងរាប់សិបនាក់ទៀតរងរបួស ។ រីឯក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវ ខណៈមានការសង្ស័យជាច្រើនលើកឡើងថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង ១៨ឆ្នាំមកនេះ នឹងមិនសម្រេចបានឡើយ ។ បច្ចុប្បន្នកងទ័ពអាមេរិក ១៤,០០០នាក់ កំពុងឈរនៅជើងនៅអាហ្វហ្គានីស្ថាននៅឡើយ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ មានករណីវាយប្រហារបំផ្ទុះគ្រាប់បែកនៅ នៅកណ្តាលទីក្រុងកាប៊ុល ស្លាប់ និងរបួស ជាង៥០នាក់ ។ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន AP ផ្សាយ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ជនស៊ីវិលយ៉ាងតិចណាស់ ក៏៥នាក់បានបាត់បង់ជីវិត និងប្រហែល៥០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកមានកម្លាំងខ្លាំងមួយ នៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ។
លោក Nasrat Rahimi អ្នកនាំពាក្យ នៃក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន បានថ្លែងថា ជនរងគ្រោះ បានបាត់បង់ជីវិត ដោយសារអំពើវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីយប់ ថ្ងៃចន្ទ (២ កញ្ញា) កើនឡើង១៦នាក់ និងរបួស១១៩នាក់ ខណៈការវាយប្រហារនេះ បានបំផ្លិចបំផ្លាញ លំនៅឋានជាច្រើនខ្នង ។
លោក បានបញ្ជាក់ថា គោលដៅ នៃការវាយប្រហារនេះ គឺស្ថិតក្នុងបរិវេណ នៃភូមិបៃតង ដែលដេរដាសទៅដោយលំនៅឋានរបស់ជនបរទេស និងផ្ទះសំណាក់ព្រោងព្រាត ។
ក្រុមតាលីបង់ បានប្រកាសទទួលស្គាល់ ចំពោះការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកមានកម្លាំងខ្លាំងខាងលើនេះ ។ រីឯការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយគណៈប្រតិភូអាម៉េរិក ប្រកាសសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលជាគោលការណ៍ជាមួយក្រុមឧទ្ទាម ដើម្បីឈានដល់ការបញ្ចប់នូវសង្គ្រាមដ៏រ៉ាំរ៉ៃបំផុត នៅលើទឹកដី នៃប្រទេសអាហ្វហ្គានីស្ថាន ៕