ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុជំរុញឲ្យម្ចាស់សំណង់គ្មានគុណភាពចំនួន១០ក្នុងចំណោម១៤ត្រូវតែរុះរើចេញឲ្យបានឆាប់

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖  សំណង់​ដែល​គ្មាន​គុណភាព​ចំនួន១៤ទីតាំង ក្នុង​ក្រុង​ព្រះ​ដី​ហ​នុ ត្រូវបានរដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រកាស​ជាថ្មី​ថា ត្រូវតែឲ្យម្ចាស់ទីតាំង​រុះរើ​ចេញ​ជាដាច់ខាត​ ដើម្បី​ចៀស​វាង​ហានិភ័យ​កើតឡើង​។ការ​ជូនដំណឹង​ចុងក្រោយ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចំពោះ​ម្ចាស់​សំណង់​ខាង​លើនេះធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អំពី​ការ សាងសង់​សំណង់​នានា ក្នុង​ក្រុងព្រះសីហនុ នៅ​សាលា​ខេ​ត្តព្រះសីហនុ កាលពី​រសៀល ថ្ងៃ ចន្ទ ៤កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោម​វត្តលោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ ។

ពិធីនេះក៏មានការចូលរួមពីលោក ​គួច ចំរើន ​អភិបាលនៃគណៈអភិបាល ខេត្ត​ព្រះសីហនុ និង​ពី​ម្ចាស់​សំណង់ ឬ​តំណាង និង​ម្ចាស់​ទីតាំង​ជួល​ដី​ចំនួន ១៤ ទីតាំង​ដែល​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​បាន​ពិនិត្យឃើញថា​សំណង់​ទាំងនេះ​មិនមាន​គុណភាព​ នោះផងដែរ ។​

​ក្នុងឱកាសនោះលោក គួច ចំរើន បាន​សង្កត់ធ្ងន់ថា ម្ចាស់​សំណង់​ទាំងអស់​សូមកុំ​ព្យាយាម​ដើរ​រក​ការសុំអន្តរាគមន៍​ណាមួយពីអ្នកនេះ អ្នកនោះ ដើម្បី​រក្សា​សំណង់​ខុសច្បាប់​ទាំងនោះឲ្យសោះគឺ មិន​ទទួល​ជោគ​ជ័យ​ទេ​។​

​ជាមួយគ្នានេះ​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខា ធិ​ការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ មានប្រសាសន៍​ដែរ​ថា កន្លងមក​ក្នុងចំណោម​សំណង់​ទាំង​១៤ នេះ មានតែ​ម្ចាស់​សំណង់​៤​ប៉ុណ្ណោះ ​ដែល​បាននិងកំពុង​រុះ​រើសំណង់​មិនមាន​គុណភាព​របស់ខ្លួន។ ដោយឡែក​សំណង់ ១០ ទីតាំង​ទៀត​នៅ​មិនទាន់មាន​សកម្មភាព​នៅ​ឡើ​យ ដូចនេះ​សូម​ម្ចាស់​សំណង់ទាំងអស់ត្រូវ​គោរព​ទៅតាម​ការជូនដំណឹងរ​បស់​រដ្ឋបាលខេត្ត​ដោយ​ធ្វើការរុះ​រើ​បន្ទាន់ បើ​មិន​ដូច្នេះ​ទេអាជ្ញាធរ​នឹង​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់​។

​លោក​ឡៅ ទិព្វ​សីហា បញ្ជាក់ថា ​ប​ន្ទា​ប់​ពី​បាន​រុះរើ​ហើយ អាជ្ញាធរ​ព្រមទាំង​មន្ត្រី​ជំនាញ​នឹង​ជួយ សម្រួល​ការ​គូរ​ប្លង់ និងពិនិត្យ​លក្ខណៈ​បច្ចេកទេស រួមទាំង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឡើងវិញ​ឲ្យបាន​ឆាប់​ជូន​ម្ចាស់​សំណង់​ធ្វើការសាងសង់ត្រូវតាមបទដ្ឋានបច្ចេកទេស ៕  ឆ្លាមសមុទ្រ


ចែករំលែក៖