ខេត្តព្រះសីហនុ ៖ សំណង់ដែលគ្មានគុណភាពចំនួន១៤ទីតាំង ក្នុងក្រុងព្រះដីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុប្រកាសជាថ្មីថា ត្រូវតែឲ្យម្ចាស់ទីតាំងរុះរើចេញជាដាច់ខាត ដើម្បីចៀសវាងហានិភ័យកើតឡើង។ការជូនដំណឹងចុងក្រោយរបស់រដ្ឋបាលខេត្តព្រះសីហនុចំពោះម្ចាស់សំណង់ខាងលើនេះធ្វើឡើងក្នុងកិច្ចប្រជុំអំពីការ សាងសង់សំណង់នានា ក្នុងក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃ ចន្ទ ៤កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោមវត្តលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈ កម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ ។
ពិធីនេះក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងពីម្ចាស់សំណង់ ឬតំណាង និងម្ចាស់ទីតាំងជួលដីចំនួន ១៤ ទីតាំងដែលគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់បានពិនិត្យឃើញថាសំណង់ទាំងនេះមិនមានគុណភាព នោះផងដែរ ។
ក្នុងឱកាសនោះលោក គួច ចំរើន បានសង្កត់ធ្ងន់ថា ម្ចាស់សំណង់ទាំងអស់សូមកុំព្យាយាមដើររកការសុំអន្តរាគមន៍ណាមួយពីអ្នកនេះ អ្នកនោះ ដើម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះឲ្យសោះគឺ មិនទទួលជោគជ័យទេ។
ជាមួយគ្នានេះលោក ឡៅ ទិព្វសីហា រដ្ឋលេខា ធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ដែរថា កន្លងមកក្នុងចំណោមសំណង់ទាំង១៤ នេះ មានតែម្ចាស់សំណង់៤ប៉ុណ្ណោះ ដែលបាននិងកំពុងរុះរើសំណង់មិនមានគុណភាពរបស់ខ្លួន។ ដោយឡែកសំណង់ ១០ ទីតាំងទៀតនៅមិនទាន់មានសកម្មភាពនៅឡើយ ដូចនេះសូមម្ចាស់សំណង់ទាំងអស់ត្រូវគោរពទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តដោយធ្វើការរុះរើបន្ទាន់ បើមិនដូច្នេះទេអាជ្ញាធរនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់។
លោកឡៅ ទិព្វសីហា បញ្ជាក់ថា បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរព្រមទាំងមន្ត្រីជំនាញនឹងជួយ សម្រួលការគូរប្លង់ និងពិនិត្យលក្ខណៈបច្ចេកទេស រួមទាំងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញឲ្យបានឆាប់ជូនម្ចាស់សំណង់ធ្វើការសាងសង់ត្រូវតាមបទដ្ឋានបច្ចេកទេស ៕ ឆ្លាមសមុទ្រ