ភ្នំពេញ៖ បុគ្គលិកសណ្ឋាគារដឺហ្ក្រេតឌ្រូកភ្នំពេញ(GREAT DUKE) អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ ប្រមាណជាង១០០នាក់ក្នុងចំណោមជាង២០០នាក់ បាននាំគ្នាតវ៉ាឲ្យថៅកែបើកប្រាក់ខែឲ្យពួកគាត់ទៀងទាត់តាមពេលវេលា ក្នុងមួយខែ២ដង ។
ការតវ៉ាខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសណ្ឋាគារដឺហ្ក្រេតឌ្រូកភ្នំពេញ(GREAT DUKE) អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ តាមបណ្ដោយផ្លូវម៉ៅសេតុង កែងផ្លូវព្រះមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីបុគ្គលិកសណ្ឋាគារដឺហ្ក្រេតឌ្រូកភ្នំពេញ(GREAT DUKE) បានឲ្យដឹងថា ពួកគាត់បាននាំគ្នាលើគ្នាតវ៉ានេះ គឺចង់ឲ្យថៅកែសណ្ឋាគារបើកប្រាក់ខែឲ្យបុគ្គលិកទៀងទាត់តាមពេលវេលាក្នុងមួយខែ២ដង ដូចកាលថៅកែចាស់មុន ។
ប្រភពបន្តថា កាលពីជំនាន់នៅជាសណ្ឋាគារអាំងទែរកុងទីណង់តាល់ គឺពួកគាត់ធ្វើការមានការទទួលខុសត្រូវចំពោះថៅកែ ដោយមិនដែលមានបញ្ហានេះកើតឡើងនោះទេ ស្រាប់តែថៅកែថ្មីនឹងដូរឈ្មោះទៅជាសណ្ឋាគារដឺហ្ក្រេតឌ្រូកភ្នំពេញ(GREAT DUKE)វិញ មានការបើកប្រាក់ខែមិនទៀងទាត់ ហើយសណ្ឋាគារនេះបានតម្លើងថ្លៃសណ្ឋាគាររហូតគ្មានភ្ញៀរចូលដេកដូចមុន ព្រោះកន្លងមកក្នុងមួយបន្ទប់តម្លៃត្រឹមតែជាង១០០ដុល្លារ ទៅជាង២០០ដុល្លារតែប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្ននេះតម្លៃបន្ទប់ដេកក្នុងមួយយប់ពី៣០០ដុល្លារ ទៅជាង៤០០ដុល្លារឯណ្ណោះ ដូច្នេះទើបធ្វើឲ្យគ្មានភ្ញៀវចូលស្នាក់នៅដូចមុន ឬក៏និយោជិតមានចេតនាចង់បិទសណ្ឋាគារខាងលើនេះ ព្រោះសណ្ឋាគារត្រូវហុមព័ន្ធរបងច្រកចូលមួយចំនួនផងដែរ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ពួកគាត់ដែលនាំគ្នាមកតវ៉ានេះម្នាក់ៗ ធ្វើការមិនក្រោមពី៥ឆ្នាំ ទៅ២០ឆ្នាំនោះទេ ហើយពួកគាត់គឺចង់បាន២ចំណុច ដោយចំណុចទី១; ឲ្យថៅកែបើកប្រាក់ខែទាន់ពេលវេលាគឺត្រឹមថ្ងៃទី១ ,២ មិនឲ្យលើសថ្ងៃឡើយ ។ ចំណុចទី២; អត្ថប្រយោជន៍របស់កម្មករ ដោយមានអនុសញ្ញារួមជាមួយសហជីប ។ ដោយកន្លងមកពួកគាត់ក៏បានស្នើរឲ្យខាងក្រសួងការងារជួយធ្វើអន្តរាគមន៍ផងដែរ ។
ជាចុងក្រោយក្រុមបុគ្គលិកសណ្ឋាគារទាំងអស់ក៏សុំឲ្យសម្តេចតេជោហ៊ុន សែន និងអាជ្ញាធរដែលពាក់ព័ន្ធជួយធ្វើអន្តរាគមន៍ផងដែរ ព្រោះពួកគាត់ម្នាក់ប្រាក់ខែមានត្រឹមតែជាង១០០ដុល្លារតែប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់គ្រសារ ៕ស រស្មី