ព័ត៌មានទាន់ហេតុការណ៍៖

ចុះបង្ក្រាបរថយន្តច្នៃ (បាកុង )ចំនួន៣គ្រឿង និងរឹបអូសនូវឈើហ៊ុប២កំណាត់ធំ នៅក្បែរផ្ទះមេឈ្មួញឈើ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មធ្យោបាយដឹកជញ្ជូនបទល្មើស ព្រៃឈើដែលឈ្មួញយកមកលាក់ទុកនៅក្នុងព្រៃ ដើម្បីគេចវេះពីការបង្ក្រាបនោះ ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាប ព្រមទាំងដកហូតធ្វើជាសម្បត្តិរដ្ឋទាំងឈើ ទាំងឡានតែម្តង ។ ការបង្ក្រាបនេះ ធ្វើឡើងនៅជិតផ្ទះថៅកែឈើដ៏ល្បីប្រចាំស្រុកឱរ៉ាល់តែម្តង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្រោយភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹថា រថយន្តកែច្នៃបាកុងចំនួន៣គ្រឿង និងឈើហ៊ុប០២កំណាត់ មុខកាត់ធំៗ ដែលក្រុមឈ្មួញយកមកលាក់ទុកក្នុងព្រៃ បន្ទាប់ពីយុទ្ធនាការបង្ក្រាប ទូទាំងប្រទេសយ៉ាងក្តៅកគុក រួចមកនោះ ត្រូវបានសមត្ថកិច្ចប្រទះឃើញក្រោយពេលដែលក្រុមឈ្មួញ ទុច្ចរិតយកមកលាក់ទុក ដើម្បីគេចពីការបង្ក្រាបរបស់សមត្ថកិច្ច តែទោះជាយ៉ាងណា នៅតែគ្មានវាសនាលាក់ដូចការរំពឹងទុកឡើយ ។

មន្ត្រីអាវុធហត្ថខេត្តឲ្យដឹងថា លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបរថយន្តច្នៃ(ប៉ាកុង) ចំនួន៣គ្រឿង និងរឹបអូសនូវឈើហ៊ុប២ កំណាត់ធំមានមុខកាត់ធំ មិនក្រោម១០ម៉ែត្រគូបឡើយ ការចុះបង្ក្រាបនេះ បន្ទាប់ពីកម្លាំងជំនាញ រុករក និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ។

មន្ត្រីដដែលបន្តថា ការបង្ក្រាបរថយន្តបាកុងទាំង០៣គ្រឿងខាងលើនេះ គឺអនុវត្តតាមបទបញ្ជាយ៉ាងក្តៅគគុករបស់នាយឩត្តមសេនីយ៍សៅ សុខា ក្នុងការបង្ក្រាបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ បំផ្លាញព្រៃឈើជាចម្បងនោះ ។

ជាងនេះទៅទៀត លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺមិនមែនជាកន្លែងសម្រាប់ប្រព្រឹត្តបទល្មើស និងលាក់ទុកមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើនោះឡើយ ដោយលោកមានប្រសាសន៍ថា រាល់បទល្មើសព្រៃឈើ បង្ក្រាបទាល់តែអស់មិនថា ក្រុមឈ្មួញមានអំណាច ឬបុណ្យសក្តិធំប៉ុនណាឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖