ខេត្តស្វាយរៀង៖ មន្ត្រីអគ្គិសនីម្នាក់បានស្លាប់ ភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ ចរាចរណ៍ជិះម៉ូតូផ្លូវកោង ប្រើប្រាស់ល្បឿនលឿន បុកដើមប្រេងខ្យល់ កាលពីថ្ងៃ អង្គារ៍ ០៥ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៧:៥០ នាទីយប់ លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។
តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឈូក ចិត្រា អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី រស់នៅភូមិ ឫស្សីព្រៃ ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ដោយជិះម៉ូតូម៉ាកYamaha Filano ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GK ១៣៨៧ ខូចខាតទាំងស្រុង ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Yamaha Filano ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GK ១៣៨៧ ក្នុងទិសដៅពីកើតទៅលិច ប្រើប្រាស់ល្បឿនលឿន ដល់ផ្លូវកោងក៏រ៉េចង្កូតបុកដើមប្រេងខ្យល់យ៉ាងពេញទំហឹង លាន់សូរប្រ៉ាវបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិទាំងយប់ ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន