ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអ៊ីរ៉ង់លក់ប្រេងអស់​ ក៏បានប្រកាសថានឹងដោះលែងនាវារបស់អង់គ្លេសឆាប់ៗនេះ

ចែករំលែក៖

នាវាដឹកប្រេងរបស់អ៊ីរ៉ង់​ដែលអង់គ្លេសបានចាប់នាពេលកន្លងមកបានទៅដល់គោលដៅ ដាក់ប្រេងរួចរាល់​នៅជិតប្រទេសស៊ីរី​។ នៅពេលនេះអ៊ីរ៉ង់ក៏បានប្រកាសថានឹងដោះ​លែង​នាវាដឹកប្រេងអង់គ្លេសនាពេលឆាប់ៗ។នាវា​ដឹកប្រេង​អង់គ្លេស​ត្រូវអ៊ីរ៉ង់ចាប់​​នៅតំបន់​ឈូង​សមុទ្រ​កាលពីខែកក្កដា ឆ្នាំ២០១៩ អំឡុងពេលកំពុងមានភាពតានតឹងខ្លាំង​ជាមួយអាមេរិក​សម្ពន្ធមិត្តអង់គ្លេស ។

លោក Abbas Mousavi អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បានថ្លែងថា «ជំហានដ៏ចាំបាច់» ដោះលែង​នាវាដឹកប្រេង​ឲ្យមានសិរីភាពនោះ គឺកំពុងដំណើរការ ។ លោកបញ្ជាក់ថា ជំហានចុងក្រោយ​តាមទម្រង់បែបបទផ្លូវច្បាប់ គឺកំពុង​ស្ថិតនៅដំណាក់កាលនៃដំណើរការ ហើយ​ជាបំណងរបស់ព្រះជាម្ចាស់ នាវានោះ នឹងដោះលែង​នៅថ្ងៃឆាប់ៗខាងមុខ ។

សូមបញ្ជាក់ថា អ៊ីរ៉ង់ ចាប់នាវាដឹកប្រេងអង់គ្លេស ជាការសងសឹកចំពោះ​អាជ្ញាធរអង់គ្លេស​បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយចោទប្រកាន់​ដឹកប្រេង​ទៅកាន់ប្រទេសស៊ីរី រំលោភច្បាប់ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប ។

នាវាដឹកប្រេងអ៊ីរ៉ង់ ត្រូវបានអាជ្ញាធរ​ Gibraltar ដោះលែង​កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រោយធានាអះអាង​លាយលក្ខណ៍អក្សរពី​អ៊ីរ៉ង់ថា នាវានោះ​មិនទៅកាន់ប្រទេស​ដែលស្ថិតក្រោម​ច្បាប់ទណ្ឌកម្មអឹរ៉ុបនោះឡើយ ។ ទីក្រុងតេអេរ៉ង់​បានបដិសេធន៍ថា បានធ្វើកិច្ចសន្យាណាមួយ​ចំពោះ​ការដោះលែងនាវាដឹកប្រេង​ពីអង់គ្លេស​នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ម្សិលមិញនេះ បាននិយាយថា នាវាដឹកប្រេងរបស់អ៊ីរ៉ង់មួយគ្រឿង បានចូលទៅដល់បន្ទាត់ នៃជម្លោះ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចលោកខាងលិចនោះ ហើយបានទៅដល់គោលដៅ និងលក់ប្រេងរបស់ខ្លួនរួចហើយ។

អ្នកនាំពាក្យ លោក Abbas Mousavi បានប្រាប់ស្ថានីយទូរទស្សន៍ ដោយមិនបានបង្ហាញ ថាតើនាវាដឹកប្រេងនោះ ត្រូវបញ្ជូនទៅណានោះទេ។នាវាដឹកប្រេង Adrian Darya 1 បានចាកចេញពីប្រទេសស៊ីរី កាលពីសប្តាហ៍មុន ហើយត្រូវ ថតរូបភាពបាន តាមរយៈផ្កាយរណប នៅជិតកំពង់ផែ Tartus ប្រទេសស៊ីរី។

ទូរទស្សន៍របស់រដ្ឋ បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ម្សិលមិញនេះថា អ៊ីរ៉ង់ក៏បាននិយាយផងដែរថា ខ្លួនអាចដោះលែងនាវាដឹកប្រេងរបស់អង់គ្លេស មួយគ្រឿង ដែលខ្លួនចាប់ នាពេលឆាប់ៗនេះ បន្ទាប់ពីបញ្ចប់ការសាកសួរតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេស លោក អាបាស់ មូសវី បានប្រាប់ទូរទស្សន៍របស់រដ្ឋថា “ខ្ញុំសង្ឃឹមថា នីតិវិធីនេះនឹងត្រូវបានបញ្ចប់ នាពេលឆាប់ៗ ហើយនាវាដឹកប្រេងនោះ​ ក៏នឹងត្រូវដោះលែង”វិញផងដែរ។

កាលពីខែកក្កដា អ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងអង់គ្លេសមួយគ្រឿង នៅជិតច្រកសមុទ្រ Hormuz ក្រោមការចោទប្រកាន់ ពីបទរំលោភដែនសមុទ្ររបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលកងកម្លាំងអង់គ្លេស បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ មួយគ្រឿង នៅក្បែរដែនសមុទ្រ ហ្គីប្រាតា (Gibraltar) ក្រោមការចោទប្រកាន់ថា ដឹកប្រេងទៅឲ្យប្រទេសស៊ីរី ដោយរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

ក្រោយមក នាវាដឹកប្រេងអ៊ីរ៉ង់ មួយគ្រឿងនោះ ក៏ត្រូវបានអាជ្ញាធរ Gibraltar ដោះលែងវិញ។ ក្នុងពេលជាមួយគ្នានេះដែរ អ៊ីរ៉ង់ ក៏បានដោះលែងនាវិក៧នាក់ ក្នុងចំណោមសមាជិក២៣នាក់ នៅលើនាវា ដែលមានដោតទង់ជាតិអង់គ្លេស៕


ចែករំលែក៖