ក្រុមតាលីបង់បង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ទង្វើ «បាតដៃខ្នងដៃ» របស់អាមេរិក នៅក្នុងការស្វែងរកសន្តិភាព ដល់ប្រទេសអាហ្វហ្គានីស្ថាន ។ នៅពេលនេះ ក្រុមតាលីបង់ប្រកាសសម្លាប់ទាហានអាម៉េរិកជាបន្តទៀត ក្រោយលោកត្រាំលុប ចោលកិច្ច ពិភាក្សាសន្ដិភាព ។
ក្រុមឧទ្ទាមតាលីបង់ បានព្រមានថា ការដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចលុបចោលនូវកិច្ចពិភាក្សាសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះ អាចនឹងធ្វើឲ្យទាហានអាម៉េរិក ស្លាប់កាន់តែច្រើនឡើងបន្ថែមទៀត។
លោក Zabihullah Mujahid អ្នកនាំពាក្យ នៃក្រុមតាលីបង់ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសម្រេចលុបចោលនូវជំនួបពិភាក្សាសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកបានព្រមានថា « ការលុបចោលកិច្ចពិភាក្សានោះ នឹងធ្វើឲ្យអាម៉េរិក កាន់តែខាតបង់ច្រើនជាងនេះ ហើយទំនុកចិត្តទៅលើអាម៉េរិក កាន់តែបាត់បង់ទៅ។ ការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺដើរផ្ទុយពីគម្រោងសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ មិនតែប៉ុណ្ណោះ បញ្ហានេះ នឹងធ្វើឲ្យអ្នកស្លាប់កាន់តែច្រើនឡើងថែមទៀតផង»។
ការដែលលោកត្រាំ លុបចោលកិច្ចពិភាក្សានេះ គឺកើតឡើង ក្រោយពេលក្រុមតាលីបង់ បានប្រកាសទទួលស្គាល់ ពីការវាយប្រហារអត្តឃាត នៅក្នងទីក្រុងកាប៊ូល កាលពីសប្តាហ៍កន្លងទៅ ដោយបានសម្លាប់ទាហានអាម៉េរិកម្នាក់ និង១១នាក់ផ្សេងទៀត បានរងរបួស។
សកម្មភាពខាងលើរបស់អាម៉េរិក នឹងធ្វើឲ្យគម្រោងសន្តិភាព បញ្ចប់សង្គ្រាម ដែលអូសបន្លាយ អស់រយៈពេលជិត២០ឆ្នាំកន្លងមក នៅក្នុងប្រទេសអាហ្វហ្គានិស្ថាន ចាប់តាំងពីឆ្នាំ២០០១ មកទល់ពេលនេះ ត្រូវជាប់គាំង។
អាម៉េរិក និងណាតូ បានបញ្ជូនកម្លាំងទាហានទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន កាលពី១៨ឆ្នាំមុន ក្រោយពេលមានព្រឹត្តិការណ៍វាយប្រហារភេរវកម្មទៅលើអគាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ បច្ចុប្បន្ន មានកម្លាំងទាហានអាម៉េរិកចំនួន១៤ពាន់នាក់ និងទាហានណាតូ ឈរជើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីការពារសន្តិសុខ នៅក្នុងប្រទេសនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមភេរវករនៅតែបន្តវាយប្រហារ នៅក្នុងប្រទេសនេះដដែល។ ដោយឡែកគម្រោងចរចាសន្តិភាព ក៏ត្រូវបានបរាជ័យជាបន្តបន្ទាប់ ៕